អារម្មណ៍ និងពាក្យទទូចអង្វរពី​លោក ​គង្គ​ ប៊ុនឈឿន

កាលពីអត្ថបទមុន  «តើអ្នកនិពន្ធចម្រៀងខ្មែរ​អស់ក្បាច់ហើយឬនៅ ក្រៅពី​ស្នេហា​ប្តូរអាច៍គ្នាស៊ី ប្តូនោមគ្នាផឹកនោះ?» ខ្ញុំឃើញមាន​ប្រតិកម្មខ្លះៗ​ពី​អ្នក​គាំទ្រ អ្នកកណ្តាល និង​អ្នកប្រឆាំង។

ថ្ងៃនេះខ្ញុំនឹង​លើ​កយកពាក្យទទូចអង្វរ​មួយចំនួន​របស់​លោក គង្គ ប៊ុនឈឿន ដែលសរសេរ​ក្នុង​អត្ថបទមួយ​មាន​ចំណងជើងថា «ការប្រែប្រួល​នៃវិស័យ​ ភ្លេងចម្រៀងខ្មែរ» ក្នុង​សៀវភៅ «ទំនួញ​ប៉ាកកាស្នេហ៏​» របស់លោក ផ្ញើរជូន​ដល់បណ្តាផលិតកម្មសំគិះ អ្នកនិពន្ធ​ដ៏ថ្លៃថ្នូរ អ្នកចម្រៀងឡើង​តាម​ជើងខោ អ្នក​​ធ្វើនំអត់ផ្សៅ និងអ្នកគាំទ្រ​ទាំងឡាយអើយ។

មុន​នឹង​លើកយកពី​ពាក្យទទូចអង្វរ​របស់លោក គង្គ ប៊ុនឈឿន ខ្ញុំសូម​អនុញ្ញាតបើកវង់​ក្រចកបន្តិច ​រំឮក និង​ចាប់អារម្មណ៍បន្តិចពី​គំនិតលោក វិចិត្រ ដែលសរសេរក្នុងប្លុកលោកថា៖

១) នៅ​លោក​ខាង​កើត គេ​នាំ​គ្នា​យំ នៅ​ពេល​ដែល​មេដឹកនាំ​របស់​គេ​ដូច​ជា Staline (1953), ម៉ៅ សេទុង (1976), គីម អ៊ីលស៊ុង (1994) និង គីម ជុងអ៊ីល (2011) ស្លាប់ (តែ មិន​ដឹង​ថា​មែន​រឺ​លេង​ទេ)
២) ឯលោក​ខាង​លិច​ គេ​នាំ​គ្នា​យំ ខ្លះ​សម្លាប់​ខ្លួន​ទៀត នៅ​ពេល​ដែល​តារា​ក្នុង​ដួង​ចិត្ត​របស់​គេ​ស្លាប់ រឺ​ ជួន​កាល​គ្រាន់​តែ​កាត់​សក់​ សោះ

ទៅ​អ៊ីចឹង​ទៅ

លោកដឹងទេថាសម្តីលោក ធ្វើឲ្យខ្ញុំផ្ទុះសំណើចមែនទែន! លោកពិតជាធ្វើ​ឲ្យខ្ញុំ​លួចសរសើរមែនហើយ ដែលចេះ​នឹកឃើញ​ប៉ុន្មាន​ឃ្លានេះ។

សូមបិទវង់ក្រចកមកវិញ ហើយខាងក្រោមនេះ ខ្ញុំ​នឹង​លើកយកដោយចន្លោះៗ ពីអារម្មណ៍និងពាក្យទទូចអង្វរ​របស់​លោក គង្គ ប៊ុនឈឿន ដែលមាន​សេចក្តី​ដូចខាងក្រោម៖

[ខ្ញុំចំណាយពេលវាយអត្ថបទនេះដើម្បីអ្វី? ក៏សង្ឃឹម​ថាអ្នក​នឹងឆ្លៀតចំណាយពេល​អានអត្ថបទ​ដ៏មាន​ខ្លឹមសារ​នេះ​​ដូចគ្នា]

                          គង្គ ប៊ុនឈឿន៖ មុននឹង​រៀបរាប់​ពី​បទពិសោធន៍​ក្នុង​ការ​តែង​បទភ្លេង​ ទំនុកច្រៀង ខ្ញុំសូម​ទាញ​អារម្មណ៍​អស់លោកអ្នក​នាង​កញ្ញាបន្តិច​សិន ដើម្បី​ឲ្យ​យល់ពី​ការ​ប្រែប្រួល​នៃ​វិស័យ​ភ្លេង​ចម្រៀង​ខ្មែរ ដែល​ចូល​មក​ដល់​តំណាក់​កាលបច្ចុប្បន្ន​នេះ មាន​លក្ខណៈ​គួរ​ឲ្យ​មោទនភាព ឬព្រួយបារម្មយ៉ាង​ណាខ្លះ?។

[---] នៅសម័យ​សង្គម​រាស្រ្តនិយម វិស័យ​ភ្លេង​ចម្រៀងខ្មែរ​ សឹងមាន​ការ​រីកចម្រើន​ដុះដាល​ណាស់ ទាំង​បូរាណ​និងសម័យ ដែល​អាច​ចាត់​ទុកថា ជាសម័យ​កាល​ស្រស់​បំព្រង​នៃសិល្បៈ​វប្បធម៌​ខ្មែរ​លើគ្រប់​វិស័យទាំង​អស។ ចូលដល់សម័យ​សាធារណៈរដ្ឋខ្មែរ វិស័យ​នេះ​ក៏​នៅ​តែ​រីក​ចម្រើន​ខ្លាំង​ណាស់​ដែរ ប៉ុន្តែ​យើង​ត្រូវ​តែ​ទទួល​ស្គាល់ដោយ​រន្ធត់ចិត្ត​ថា អ្វីទាំង​អស់​បាន​រលាយ​បាត់បង់​ទៅវិញ​ យ៉ាង​គួរ​ឲ្យ​សោក​ស្តាយ​​​ជា​ទីបំផុត នៅក្នុង​យុគ​សម័យ​មួយ​នៃ​របប​វាលពិឃាត[---]។

ទោះក្នុង​ហេតុផលន​យោបាយ​បែប​ណា​ក៏ដោយ ក៏​រហូត​មក​ទល់ពេលនេះ ខ្មែរគ្រប់គ្នា​មាន​សេរីភាពនឹង​ស្រែក​ច្រៀង​ពេញ​ក្រអូម​មាត់ នូវ​បទចម្រៀង​គ្រប់បែបគ្រប់​ចង្វាក់ មិនថា​មកពី​ក្រហែងណានោះទេ។

ប៉ុន្តែ​ ទន្ទឹម​នឹង​ការ​រស់​ឡើងវិញយ៉ាង​ត្រដាប​ត្រដួស​នេះ [---] មិនមែន​គ្រាន់តែឃើញ​ថា នៅ​តាម​ទីផ្សារ មានកាស្សែត​ស៊ីឌីភ្លេង​ចម្រៀង​លក់​ព្រោង​ព្រាត មាន​កម្មវិធី​ CONCERT ឬ MUSIQUE ESRADE នៅតាម​ស្ថានីយ៍​ទូរទស្សន៍​នានា មាន​ចម្រៀង​កាយវិការ​ការ៉ា​អូខេ ឬមាន​មហោស្រព​ប្រឡង​ប្រជែងជ្រើសរើស​យុវអ្នកចម្រៀង​ជ័យ​លាភី​នោះ ក៏ចាត់ទុកថា​ចម្រៀង​ខ្មែរ​ បាន​រីក​ចម្រើន​ដុះដាលនោះឡើយ គឺអ្វី​ៗ​ដែល​កំពុង​មាន​នេះ វាគ្រាន់​តែ​ជាតម្រូវ​ការ​ខាង​ស្មារតី កម្សាន្តអារម្មណ៍​របស់​សង្គម​តែប៉ុណ្នោះ

[---] បើភ្លេង​ចម្រៀង​ មិនជារបស់​សំខាន់ មិនមែន​គ្រាន់តែ​សម្លេង​លោក ស៊ីន​ ស៊ីសាមុត ឬអ្នក​ចម្រៀង​ល្បីល្បាញ​ដ៏ទៃទៀត ក្រោម​តំណក់​ទឹក​ខ្មៅ​ដ៏ផ្អែម​ល្ហែមរបស់​អ្នក​និពន្ធ​រៀម​ច្បង​ទាំង​ឡាយ​នោះ មានឥទ្ធិពល​អាច​រស់​នៅ​ក្នុង​មនោសញ្ចេតនា​របស់​អ្នក​ស្តាប់ខ្មែរ​ រាប់​សិបឆ្នាំរហូត​មក​ទល់​ពេលនេះ​​នោះទេ។ ហើយ​មិនត្រឹម​តែ​ធ្វើ​ឲ្យអ្នក​ស្តាប់​ខ្មែរ​ទូទាំង​កម្ពុជា​កោត​សរសើរ​ ស្ងប់ស្ងែងមិន​ដាច់​ពីមាត់នោ​ឡើយ ថែម​ទាំង​ធ្វើឲ្យ​សិល្បៈករ​បន្តវេន និង​អាជីវករឱកាសនិយម​ជា​ច្រើន ឆ្លៀតធ្វើ​មាន​ធ្វើបាន​ដោយ​សារ​តែ​សម្លេង​និង​បញ្ញាញាណ​របស់​អ្នក​ចម្រៀង និងអ្នក​និពន្ធរៀម​ច្បង​ទាំង​នោះទៀតផង។

យើង​បាន​គិតទេ តើ​ក្នុង​មួយជីវិត​លោក​ ស៊ីន ស៊ីសាមុត បទចម្រៀង​ដែល​គាត់​និពន្ធផ្ទាល់ និង​ច្រៀង​ផ្ទាល់​នោះ​មាន​ប៉ុន្មាន? បទ​ដែល​គាត់​ច្រៀង​តាម​គេ​និពន្ធ​នោះមាន​ប៉ុន្មាន? ព្រម​ទាំង​បទដែល​គាត់​និពន្ធ​ឲ្យអ្នក​ចម្រៀង​ស្រី​ច្រៀង​នោះវិញ មានប៉ុន្មាន​ដែរ?។

ហើយ​តើ​លោក សុះម៉ាត់ លោក មាសហុកសេង អ៊ឹងណារី អ៊ឹងសុងសឺម តូចតេង លីវតឹក ជាសាវឿន ឌុចគីមហាក់ អ៊ិនយ៉េង មាសសាម៉ន ឬនាង កែវសេដ្ឋា រស់សេរីសុទ្ធា ប៉ែនរ៉ន ហួយមាស ម៉ៅសារ៉េត ឈុនវណ្ណា តារាចោមច័ន្ទ ឈួនម៉ាឡៃ សូសាវឿន និង ពៅវណ្ណរី។ល។ នោះ ច្រៀង​បាន​ប៉ុន្មាន​បទក្នុង​ម្នាក់ៗ?។

ទន្ទឹម​នឹង​នោះ តើ​លោក​ ពៅ​ស៊ីផូ ភួងបូផា ស្វាយសំអឿ ម៉ាឡៅពី វ៉ោយហូ ម៊ែរប៊ុន ហាស់សាឡន រួមទាំងរូបខ្ញុំ តើបាន​និពន្ធ​បទចម្រៀង​អ្វីខ្លះ? ហើយ​ពិសេស​ជាង​នេះ​ទៅ​ទៀត​ បទ​ចម្រៀង​ដែល​ជា​ព្រះរាជ​និពន្ធដោយ​ព្រះបាទសម្តេច ព្រះនរោត្តម​សីហនុ នោះ​មាន​ប៉ុន្មាន​ដែរ?។ [---]

យើង​បាន​ឃើញ​ច្បាស់​នៅពេលនេះ​ហើយថា ដោយសារ​ការធ្វេសប្រហែស​មិន​បាន​គិតគូរ ឬដោយសារ​ប្រទេស​ជាតិ​មាន​កលិយុគវឹកវរ មិន​អាច​ឲ្យយើង​មាន​លទ្ធភាពគិត​គូរ​ពីរឿង​នេះបាន ទើប​បទភ្លេង​ចម្រៀង​ដែល​ចាក់​ផ្សាយ​តាម​វិទ្យុ តាម​ទូរទស្សន៍សព្វ​ថ្ងៃ ឬមាន​តាម​កាស្សែត​ស៊ីឌី វីស៊ីឌី ចម្រៀង​កាយវិការ ការ៉ាអូខេនានា គេ​សឹង​លែង​ប្រាប់ឈ្មោះអ្នក​និពន្ធ​ដើម​អស់រលីងហើយ។ [---] ទោះ​បទ​ដែល​គេ​បាន​ដឹង​ច្បាស់​ក៏គេ​មិន​ផ្សាយដែរ បើ​​ផ្សាយ​គឺ​ផ្សាយ​តែ​ក្រុម​ការងារដែល​នៅពីមុខ​ឆាក​ទៅវិញ ដូចជា​អ្នក​ដឹក​នាំ​ការសម្តែង​ អ្នក​ថត អ្នក​រៀប​សម្រួល​បទភ្លេង អ្នក​សម្តែង​តួ ឬអ្នក​បច្ចែកទេសផ្សេងៗ។ល។ ដែល​ហាក់​ដូចជា​គ្មាន​ឲ្យ​តម្លៃអ្វី​បន្តិចសោះ​ ដល់បញ្ញាញាណអ្នក​និពន្ធដើម​ ដែលជា​អ្នក​នៅ​ពីក្រោយ​ឆាក​បន្តិច​សោះ។ [---]

ការពិត ផល​កម្រៃ​ដែល​បាន​មក​ពី​ការ​ផលិត​បទ​ចម្រៀង​ទាំង​នោះ មិនជា​ច្រើន​ប៉ុន្មាន​ឡើយ ឯផលចំណេញ​លើសលុបមែនទែន បែរ​ជា​បាន​ទៅ​លើ​ពួក​អ្នក​ចម្រៀង​បន្តវែន​ឬក្រុម​ឈ្មួញ​កណ្តាល​ ដែល​យក​ទៅផលិតជាកាស្សែត ឬស៊ីឌី​ចម្រៀង​ផ្សេងៗទៅវិញ។

[---]​មាន​អ្នក​ខ្លះ​យក​បទ​ចម្រៀង​ចាស់​មក​ច្រៀង​សារឡើង​វិញ ដោយព្យាយាម​បំបិទ​សម្លេង​អ្នក​ចម្រៀង​ដើម​ចោល ដើម្បី​ឲ្យ​ខ្លួន​គេ​ល្បីឡើង​ ព្រម​ទាំង​អួត​អាង​បន្លែបន្លំក្មេង​ជំនាន់ក្រោយថា បទ​ទាំង​នោះ គេទើបនឹង​តែង​ច្រៀងថ្មីទៅវិញ។

[---]នៅមាន​ការរំលោភសិទ្ធ​មួយទៀត ដែលគួរ​ឲ្យ​ញាក់​សាច់ជាងអ្វី​ទាំង​អស់ ព្រោះ​វាអាច​ប៉ះពាល់​ដល់​សិទ្ធិសញ្ញាអត្តរជាតិនៃកម្មសិទ្ធ​ខាង​បញ្ញា[---] គឺការ​លួច​បន្លំ​យក​បទភ្លេង​បរទេស​ ដូច​ជាបទថៃជាដើម យក​មក​ដូរទំនុក​ធ្វើ​ជា​បទខ្មែរ ហើយធ្វើ​អាជីវកម្ម​ដាក់​លក់ពេញផ្សារ។ [---] ដោយពិត​នោះ សិល្បៈបើ​ចង់​ឲ្យ​មាន​ការ​រីក​ចម្រើន ត្រូវ​តែ​មាន​ការ​ក្រេប​ជញ្ជក់​យក​ពី​នេះ​ពី​នោះខ្លះអីចឹង​ហើយ តែ​មិន​មែន​ដល់ថ្នាក់​លួច​យក​របស់​គេ​ស្រស់ៗ​មក​ក្លែង​ធ្វើ​ជា​របស់​ឯង ដោយ​គ្មាន​ការ​អៀន​ខ្មាស់​យ៉ាង​នេះឡើយ។ [---] ត្រង់​ណេះ​ហើយ​ ដែល​យើង​ចង់​បញ្ជាក់ថា តើវិស័យ​ភ្លេង​ចម្រៀង​ខ្មែរ រីក​ចម្រើន​ដូចម្តេចកើត[---]។

ការយក​បទខ្មែរ​(បទបែបខ្មែរ មិនមែនបកប្រែភ្លេង​គេ) ទៅ​ដាក់​បញ្ចូល​ក្នុង​ខ្សែរភាពយន្ត​បរទេស [---] គឺ​ជា​ការ​វាយបន្ថោក​ភ្លេង​ចម្រៀង​ខ្មែរ កាន់តែ​ទាបទៅៗ ព្រោះ​យក​បទ​ដែល​ជា​ផលិតផល​វប្បធម៌​របស់​ខ្មែរ​នេះ ទៅ​អបស្ទប​វប្បធម៌គេ ជំរុញ​វប្បធម៌​គេ​ឲ្យ​កាន់​តែល្អ​វិសេស​ឡើង​ទៀត ឯវប្បធម៌​ឯងធ្លាក់ចុះ​ដល់​បាតដាល ដែល​ជា​ប្រការ​គួរឲ្យ​សោកស្តាយ​ជា​ទីបំផុត។

ភាព​អសកម្ម​មួយទៀត ដែលគួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ គឺ​ការ​យក​បទ​ចម្រៀង​ពីមុនមក​ដូរ PAROLES ពីប្រុស​ទៅ​ជា​ស្រី ពីស្រីទៅ​ជាប្រុស។ ការ​ដូរភេទច្រៀង​របៀប​នេះ អាច​ធ្វើឲ្យខុស​ចុង​ជួន ខុសន័យ ព្រោះការ​ដូរ​ចុះដូរ​ឡើង ធ្វើឲ្យ​សម្ភស្សបទ​ដើមកាន់តែ​ឃ្លាតឆ្ងាយ ឈាន​ដល់​បាត់បង់​ទាំង​ស្រុង។

[---] ភាគគ្រោតគ្រាតមួយទៀត គឺ​ការ​យក​បទ​ចម្រៀង​នោះ ទៅ​ថតជា​ចម្រៀង​កាយវិការការ៉ាអូខេ ដោយមិន​បានត្រឹម​ត្រូវ​តាម​អត្ថន័យ​ដើម​របស់​គេ ចង់​និយាយថា ធ្វើ​ឲ្យតែបានៗ របៀបជារូបភាពក្បត់ខ្លឹមសារ ឬខ្លឹមសារក្បត់រូបភាព នាំឲ្យ​ខូចតម្លៃបទ​របស់អ្នក​និពន្ធដែលខំ​តាក់តែង​នេះ។

ភាពគ្រោតគ្រាត​មួយទៀត គឺ​ក្រោយពី​ការ​ដកស្រង់​បទ​ពីក្នុង​ខ្សែភាពយន្ត​វីដេអូថៃ មក​ធ្វើ​ជា​ចម្រៀង​កាយវិការ គេថែម​ទាំង​​ចម្លង​យក​កាយវិការ​ក្នុង​សាច់រឿង​របស់​គេ មក​ឲ្យ​តួសម្តែង​ខ្មែរ​ធ្វើ​តាម​ទៀត ដែល​ធ្វើឲ្យ​បាត់បង់​ចរិត​លក្ខណៈ កាយវិការ​ជា​ខ្មែរ​អស់​រលីង ជា​ប្រការអាច​ជះ​ឥទ្ធិពល​មិន​ល្អដល់ប្រពៃណី វប្បធម៌​ជាតិ​យើង​ទៀត​ផង។

ខ្លះទៀត មិនត្រឹម​តែយក​បទគេ​មក​ច្រៀង​ប៉ុណ្នោះទេ គឺខំច្រៀង​កាច់​សម្លេងអ៊ឺនឲ្យ​ដូច​ភាសា​គេទៀត រហូត​ដល់​ច្រៀង​ភាសាគេទាំង​ស្រុង ហើយអួត​ថាច្រៀង​ល្អ ច្រៀង​ដូចសៀមមែន។

[---]

ក្នុងឧត្តម​គតិ​នេះហើយ ដែលខ្ញុំ​សូម​រំលឹក​សាជាថ្មី​ ដល់អ្នក​និពន្ធបទភ្លេង ទំនុកច្រៀង​ខ្មែរ​ គួរតែ​ធ្វើ​យ៉ាង​ណា បែង​ចែក​គ្នា​ឲ្យ​ដាច់​ស្រឡះ​នូវអ្វី​ជា​របស់យើង​ និងអ្វី​ដែល​​ជា​របស់គេ[---]។

ដោយ​សារ​តែ​ការ​ដាក់ផល​ប្រយោជន៍ជាតិ នៅទាប​ជាង​ផល​ប្រយោជន៍ផ្ទាល់ខ្លួន​នេះហើយ ទើប​ខេមរជន​យើងភាគច្រើន ហាក់ដូចជា​ភ្លេច​អស់​នូវ​មេរៀន​ប្រវត្តិសាស្រ្ត​ដ៏ជូរចត់[---]។ សព្វថ្ងៃនេះ​យើង​នាំគ្នា​រំភើបរីក​រាយ​សប្បាយ និង​ទទួល​យក​នូវ​អ្វីៗ​ដែល​ជា​របស់គេ ឲ្យ​ហូររចូល​យ៉ាង​គំហុក តាម​វិញ្ញាណទាំង​ប្រាំ គឺត្រចៀកស្តាប់របស់គេ ភ្នែកមើលរបស់គេ ច្រមុះហិតក្លិនគេ អ​ណ្តាត​ទទួល​រសជាតិគេ និង​ដៃជើង​ខ្លួនប្រាណ​រុំស្រោប​ដោយសំភារៈគេទៀត ដូច្នេះយើង​មាន​តែ​ខ្លួន​ប្រាណប៉ុណ្នោះជា​ខ្មែរ ឯព្រលឹងសុទ្ធ​សឹង​ជា​របស់គេ។

ជា​ចុងក្រោយ​ ខ្ញុំ​នៅ​តែទទូច​អង្វរ​ សូម​ឲ្យ​អ្នក​និពន្ធបទភ្លេង​ និង ទំនុក​ច្រៀង​ខ្មែរ​គិត​យ៉ាង​ណា​ខំប្រឹងប្រែង តែង​និពន្ធបទ​ចម្រៀង​ឲ្យ​មាន​ពណ៌​សម្បុរ និងអត្តសញ្ញាណ​ជាខ្មែរ​ឲ្យ​បាន​ច្រើន ឲ្យ​បាន​សំបូរ​បែប​ដូច​កាល​ពី​អំឡុង​ទសវត្សទី​៥០ មក​ ៧០ ដើម្បី​រូម​ចំណែក​ពង្រឹង​ខឿន​វប្បធម៌ជាតិ​យើង ឲ្យ​មាន​ជំហរ​រឹងប៉ឹង​ឡើង​វិញ កុំឆ្ងាញ់​តែនឹង​យក​តាមរបស់​គេ​ពេក ក្រែង​ប្រវត្តិសាស្រ្ត​មាន​វិប្បដិសារី​ជូរចត់​ទៅថ្ងៃក្រោយ!។

កុំភ្លេចថា មាន​តែបទភ្លេង​ទំនុកច្រៀង ដែលមាន​អត្តសញ្ញាណ​ជា​ខ្មែរសុទ្ធសាធ​នោះទេ ដែលមាន​តម្លៃ​ខ្ពស់​ក្នុង​វប្បធម៌ ហើយ​ដែល​រស់រាន​មកដល់​សព្វថ្ងៃ ឯបទភ្លេង​ដែល​កញ្ឆក់​កណ្តៀត​មក​ពី​នាយអាយ​នោះ រស់បាន​តែ​មួយ​រយៈកាល​នៃសុបិន​ត្រេក​ត្រអាល​ប៉ុណ្នោះ!។

***************

ខាងលើ​នេះសុទ្ធ​តែ​ជា​ពាក្យពេចន៍​របស់​លោក​ ដែលខ្ញុំ​បាន​ដកស្រង់​យក​មក​ផ្សាយ​ឲ្យអស់លោក​ជា​ម្ចាស់ផលិតកម្ម អ្នកនិពន្ធ អ្នក​ចម្រៀង ​អ្នក​កុពីចម្លងដ៏ប៉ិនប្រសប់​ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់បាន​ជ្រួតជ្រាបចូលខួរខ្លះ។ វាល្មម​ឆ្អែតឆ្អន់ហើយអស់លោក!។

អាច រកជាវបាន តាមបណ្ណាគារ និងតូបសៀវភៅ

អំពីម្ចាស់ប្លក គូទខ្យង
ដើម្បីខ្មែរដើរទាន់ពិភពលោក

19 ចំលើយ ទៅ អារម្មណ៍ និងពាក្យទទូចអង្វរពី​លោក ​គង្គ​ ប៊ុនឈឿន

  1. ស្រុកស្រែ និយាយថា ៖

    លោកគង្គ ប៊ុនឈឿន មានប្រសាសន៍​ត្រូវណាស់។ អនុញ្ញាត្តិ​អោយ​ខ្ញុំ​ទាញយក​តែ​ពីរ​ចំណុច​ចុះ ដែល​ខ្ញុំ​គិត​ថា​ អ្នកនិពន្ធ​សម័យ​ថ្មី​ នាំអោយ​មាន​ការ​អាមាស់ និង​អាប់អោនបំផុត​គឺ៖

    ទី១ ការដូរ​ខ្លឹមសារ Paroles ពីប្រុសទៅស្រី ឬពីបងទៅអូន៖ កំហុស​នេះ​​មិន​ត្រឹម​តែ​ធ្វើ​អោយ​បាត់​អត្ថរស និង​អត្ថន័យ​​នៃបទ​ចំរៀង​ប៉ុណ្ណោះ​ទេ តែ​នៅ​ថែម​ទាំង​បាន​ជាន់​ឈ្លី​នូវ​ប្រពៃណី​ ឬ​តំលៃ​ស្រ្តី​ខ្មែរ​ដោយ​មិន​ដឹង​ខ្លួន​ថែម​ទៀត​ផង។ ឧទាហរណ៍ទំនុកច្រៀងថា៖ ពេលបងឃើញអូននាង​ចុះងូតទឹក… បានន័យថា​ មនុស្សប្រុស​ម្នាក់​​​កំពុង​តាម​លួច​មើល​នារី​ក្រមុំ​​ៗ​កំពុង​ចុះ​មុជទឹក ដែល​នេះ​គឺ​ជា​និស្ស័យ​មនុស្ស​ប្រុស​ខិល​ ដែល​តែង​តែ​លួច​មើល​ស្រីៗ​ងូត​ទឹក​នៅ​មាត់​កំពង់​ទឹក​ស្ទឹង​ឬមាត់​ទន្លេ។ ដល់​មក​កែ​ Paroles ថ្មី​​ទៅ​ជា៖ ពេលអូនឃើញបង​កំពុងងូតទឹក… ស្តាប់​​ទៅ​ឃើញថា វា​មិន​ដែល​មាន​ស្រីក្រមុំ​ណា អាស៎​ ​ដល់​ថ្នាក់​ដាច់ដាប​ទៅ​លួច​មើល​មនុស្ស​ប្រុស​ងូត​ទឹក​​នោះទេ។ នេះ​គឺ​ជាការ​បន្ថោក​តំលៃ​ស្រីខ្មែរ​ទូទៅ​ ដែល​អ្នក​និពន្ធ​បែប​នេះ​ មិន​គួរ​នឹង​អត់​អោន​អោយ​ទេ។

    ទី២ ការយកបទបរទេស​មក​ប្រែ​ជា​ភាសាខ្មែរ​ ហើយ​សំដែង​កាយវិការ​តាម​បែប​វេទនាភ្នែក៖ ខ្ញុំ​ចាំ​បាន​ថា កាលខ្សែភាពយន្តដ៏​ល្បីល្បាញ​រឿង Titanic មាន​ចំរៀង​មួយបទ​ដែល​ច្រៀង​ដោយ​អ្នក​ចំរៀង​ស្រី​ល្បី​​ឈ្មោះ​ក្នុង​ពិភពលោក​គឺ Celine Dion… ដល់​ខ្មែរយើង​យកបទ​នេះ​មក​ប្រែ និង​ច្រៀង​ជា​ខ្មែរ ហើយ​ឆ្លៀត​​ចំឡង​សំដែង​កាយ​វិការ​ទៅ​ទៀត ដោយ​អោយ​​តួស្រី ឈរត្រដាង​ដៃ​នៅ​លើ​កូន​កាណូត​ដឹកអ្នកដំណើរ​ភ្នំពេញ សៀបរាប យ៉ាង​កន្តុករ៉ុក​…​ ខ្ញុំ​ឃើញ​ហើយ​ ដូច​ជា​ខ្មាស់​ខ្លួន​ឯង​ជំនួស។ ខ្ញុំ​គិត​ថា បើលោក​ James Carmeron ​គាត់​ឃើញ​ខ្មែរ​ចំឡង​ស្នាដៃ​ភាព​យន្ត​គាត់ ​យក​មក​ធ្វើ​លេង​សើច​បែប​នេះ មិន​ដឹង​ជា​គាត់​យល់​ពី​ខ្មែរ​យ៉ាងម៉េច​ដែរ​ទៅ?

    អរគុណ​ចំពោះ​ប្រកាស​របស់​លោក​នេះ។​

  2. អាក្បាលធំ និយាយថា ៖

    យូ យួ សង្ឃឹមថា​អ្នក​និពន្ធ​ខ្មែរ​ដែល​ខំ​ចម្លង​តាម​គេ​នោះ ចេះ​ឆ្លៀត​តែ​អ្វី​ជា​របស់​ខ្មែរ​ផង​ចុះ ។ តែ​បើ​អោយ​ឈប់​ចម្លង​តាម​គេ​ទាំង​ស្រុង​នោះ​ប្រហែល​ជា​ “ប្រដៅ​ក្រពើ​អោយ​ហែល​ទឹក”

  3. enana88 និយាយថា ៖

    អ្នកចេះមែនទែនត្រូរត់តត្រុកទៅនៅស្រុកគេ ឯអាអ្នកដែលបាយបិណ្ឌជាបាយបាត្រវិញល្បីកប់ពពក…

  4. វិចិត្រ និយាយថា ៖

    ហើយ​អ្នកនិពន្ធ​អស្ចារ្យ អ្នក​ចំរៀង​ពិរោះ … អស់​ហ្នឹង ទៅ​ពួន​នៅ​ឯណា​អស់​ទៅ មិន​ចេញ​មក​?

  5. លោក គង់ ប៊ុនឈឿន​ ត្រូវ​រត់​ចេញ​ពី​ប្រទេស​ដោយសារ​តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន តាម​ចាប់​ខ្លួន ទាក់ទង​នឹង​ការ​រិះគន់​លើ​រដ្ឋាភិបាល​នេះ។

  6. និយាយ​អ្នក​ច្រៀង​​ក្មេង​ៗ​ហ្នឹង នឹក​ឃើញ​គាត់​ច្រៀង​បទ​អង់គ្លេស អូយ​ វេទនា​ម្លេះ​ទេ គេ​ច្រៀង​យ៉ាង​ស្រួល តែ​លោក សាន​ ផានិត មក​ស្រែក​ចង់​ងាប់ ចង់​រស់។

  7. សុជីវី និយាយថា ៖

    គាំទ្រលោកអុំគង្គប៊ុនឈឿន ១០០%

  8. នី កែវប៉ុញ្ញា និយាយថា ៖

    ពិត​ជា​មាន​ន័យ​ខ្លាំង​ណាស់។ អរគុណ​ដែល​បាន​ចែក​រំលែក។ និយាយ​ដោយ​ត្រង់​ទៅ បទ​ចម្រៀង​ថ្មីៗ​ជា​ច្រើន​សន្ធឹក​សន្ធាប់​របស់​ផលិត​កម្ម​ខ្មែរ​ទាំង​អស់​សព្វ​ថ្ងៃ​នេះ ខ្ញុំ​រក​បទ​ពិរោះ​មក​ស្ដាប់​សឹង​តែ​មិន​បាន។ ចេញ​បួន​ប្រាំ​វ៉ុល ខ្ញុំ​ស្ដាប់​ចូល​តែ​ពីរ ឬ​បី​បទ​ប៉ុណ្ណឹង។

  9. Ah Pov និយាយថា ៖

    សារិកា​កែវ​​អើយ ​ស៊ី​​អី​​កងៗ ស៊ី​​ផ្លែ​​ដំបង​ ប្រ​ចឹក​គ្នា​​លេង ស្លាប​​វា​​ចាក់​​ក្បាច់ មាត់​​វា​​ធ្វើ​​ភ្លេង ប្រ​ចឹក​គ្នា​លេង លើ​​មែក​​ព្រឹក្សា…

  10. TaTouch និយាយថា ៖

    បើតាមគំនិតខ្ញុំ​គិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថាយួននៅពេញស្រុកហើយ ច្រៀងយួនទៅគ្រាន់បើជាង៕
    ​​​​

  11. គឹម ចាន់ និយាយថា ៖

    អស់ពាក្យនឹងវាចារហើយ ចំពោះបទចម្រៀងសព្វថ្ងៃ! ចុងបញ្ចប់ បើមិនឡានបុក ឬ ឈឺស្លាប់ គឺសម្លាប់ខ្លួន…ដូចបង្រៀនមនុស្សពីវិធី បញ្ចប់រឿងចឹង!!!

  12. ការលើកឡើងមកល្អ ! សូមអ្នកនិពន្ធខ្មែរភ្ញាក់រលឹកផង បើមិនភ្ញាក់រលឹក គឺប្រាកដជាមនុស្សល្ងង់ ព្រោះមិនចេះតែងថ្មី ហើយយកភាពខ្វះខាតផ្នែកសេដ្ឋកិច្ច មកបិទបាំង ជាពិសេសអ្នកនិពន្ធជាមនុស្សដំបូងដែលបំផ្លាញវប្បធម៌របស់ជាតិមុនអ្នកចម្រៀង ៕

  13. រាត្រីកំសត់ និយាយថា ៖

    ល្បងគូទខ្យង ខ្ញុំពិតជាពេញចិត្តហ្នឹងប្រកាសនេះណាស់ ខ្ញុំសុំអនុញ្ញាតិចែករំលែកតាមបណ្តាញនានា អោយក្មេងជំនាន់ក្រោយដូចខ្ញុំបានភ្លឺភ្នែកម្តង (កុំថាខ្ញុំកំពុងតែធ្វើខ្លួនដូចអ្នកនិពន្ធសព្វថ្ងៃនេះណា ដោយយកចំលងរបស់គេទៅផ្សាយបន្ត គ្រាន់តែចង់ចែករំលែកប៉ុណ្ណោះ)។
    ដូចដែលលោក គឹម ចាន់ គាត់និយាយចឹងគឺត្រូវអត់ខុសអីម៉ាតិច [...ចុងបញ្ចប់បើមិនឡានបុក ឬឈឺស្លាប់ គឺសម្លាប់ខ្លួន..] គ្រប់អ្នកនិពន្ធក្នុងផលិតកម្មគឺដូចគ្នា។

  14. achharia និយាយថា ៖

    នៅស្រុកយើងខ្មែរ
    លោកខែកំពុងបាំងឆ័ត្រ ហើយ
    ឆ៍ត្រក៏កំពុងបាំងលោកខែដែរ …
    ត្រីងៀតធ្លាប់តែប្រៃ អាឡូវត្រីងៀតទៅជាផ្អែមៗអស់ហើយ
    ទំរាំអីបទចំរៀង ដែលមិនប្តូររសជាតិដែរនោះ គឺធ្វើអ្វីៗទៅ
    តាមតំរូវការនៅទីផ្សារសិនហើយ ។

  15. Pingback: ស្នាមថើប​យុវវ័យ « គូទខ្យង

  16. ខ្លារខិន និយាយថា ៖

    ក្នុងអត្ថបទនេះ ខ្ញុំអត់មានពាក្យអីនិយាយច្រើនទេ ខ្ញុំគ្រាន់តែចង់បង្ហាញចំណាប់អារម្មណ៍ថា ខ្ញុំក៏ពេញ​ចិត្តនឹងស្នាដៃ និងទេពកោសល្យរបស់លោកគង់ ប៊ុនឈឿនដែរ សង្ឃឹមថាថ្ងៃណាមួយ ខ្ញុំនឹងរៀនពីវិជ្ជា​តែងនិពន្ធនេះពីគាត់ កុំឲ្យថ្ងៃក្រោយទៅមុខទៀតទៅគេថាអ្នកនិពន្ធខ្មែរចេះតែកុពីចម្លងពីគេរហូត ។ ខ្ញុំទទួលស្គាល់ថាអ្នកនិពន្ធសម័យបច្ចុប្បន្នចូលចិត្តធ្វើតាមរបស់គេ តែខ្ញុំក៏ធ្លាប់ឃើញស្នាដៃរបស់គាត់​មួយចំនួនក៏ល្អដែរ។

  17. Pingback: រឿងចាស់និទានថ្មី​ ១៩៦០ « គូទខ្យង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.