តើអ្នកនិពន្ធ​ចម្រៀងខ្មែរ​បច្ចុប្បន្នអស់ក្បាច់ហើយឬនៅ ​ក្រៅពីស្នេហាប្តូរអាច៍គ្នា​ស៊ី ប្តូរ​នោម​គ្នា​ផឹក​នោះ?​

១- ដំបូង ខ្ញុំ​សុំទោស​ដល់បណ្តាអ្នកនិពន្ធ អ្នកគាំទ្រអ្នកនិពន្ធ អ្នកចម្រៀង អ្នកគាំទ្រអ្នកចម្រៀង និងអ្នក​ពាក់ព័ន្ធ​​ទាំង​អស់ផងដែលខ្ញុំ​ដាក់​ចំណង​ជើង​​អត្ថបទនេះរាង​ចាស់ដៃបន្តិច។ ខ្ញុំ​គ្មានចេតនា​នឹង​មើលងាយមើលថោកអ្នកទាំងឡាយ​ខាងលើនោះ​ទេ “ព្រោះយើង​ជា​ខ្មែរ​ដូចគ្នា” ហើយ​ខ្ញុំ​ដឹង​ថា​អ្នកទាំង​អស់​ដែល​ចង់មាន​មតិ​ នឹង​ប្រើពាក្យនេះ​​។ ចំពោះ​ចំណងជើង​អត្ថបទ​អាក្រក់​ស្តាប់​បែបនះ​ គ្រាន់​តែជា​ក្បួន​ទីផ្សារ (Marketing) ​របស់ខ្ញុំ​ ដើម្បី​ទាក់ទាញ​ឲ្យអស់​លោក​មក​អានប្រកាសនេះប៉ុណ្នោះ ព្រោះសូម្បី​តែខ្ញុំផ្ទាល់​​ក៏ឃើញ​ចំណង​ជើង​អត្ថបទ​​​នេះ​ហើយ​ ភ្ញាក់ផ្អើល​ និង​ឈឺចិត្ត ឈឺខួរ​ខ្លះដែរ។

២- ម្តាយខ្ញុំ​បង្រៀនថា បើ​គេ​ស្តី​ឲ្យកូន បន្ទោសកូន ក្នុង​ន័យ​ស្ថាបនា ក្នុង​ន័យ​ឲ្យកូន​កែកំហុស ក្នុង​ន័យ​ឲ្យ​កូន​ចម្រើន ទោះ​ជា​ពាក្យ​ប្រមាថ​ដៀល​ច្រាស់ឆ្អេះ​កូន យ៉ាង​ណា​ក៏ដោយ កូន​មិនត្រូវ​ប្រើ​សេចក្តីក្រោធ​តប​ដោយកាយវិការ (វាយ) ឬតបដោយវាចារ​(ជេរ) ដែល​នឹងធ្វើឲ្យខាត​ប្រយោជន៍​ទៅ​គេ​វិញ​ជា​ដាច់ខាត​។ បើកូន​ពិត​ជា​ខឹង​គេមែន កូន​ត្រូវ​ខឹង​ដោយ​សេចក្តីពិចារណា ពិចារ​ណាថាម៉េច បើ​គេ​ជេរ​ថា “អាថោក” ​កូនត្រូវ​សួរខ្លួនឯង​ថា “តើ​អាត្មា​អញថោកមែនឬ ហើយ​ថោកត្រង់ណា? បើគេ​ជេរថា “អាមនុស្សគ្មានគំនិត” កូន​ត្រូវ​សួរខ្លួនឯងថា “តើអត្មា​អញគ្មាន​គំនិតមែនឬ ឬ​អន់​ត្រង់​ណា?” ។ល។ កូន​ត្រូវ​ចេះ​រៀនសួរ​ខ្លួនឯង ​រៀនឆ្លើយខ្លួនឯង ហើយ​តបទៅ​គេវិញ​ដោយ​​ការ​កែប្រែ​ខ្លួនឯង នោះកូន​នឹង​ចម្រើន ចៀសវាង​គេ​ជេរ​ គេ​ស្តី​ឲ្យ​ច្រំដែលៗ។

៣-ប្រធាន​បទ​ដែលខ្ញុំ​នឹងលើក​យក​មក​បរិយាយ​ថ្ងៃនេះគឺ “ចម្រៀងខ្មែរ​សម័យ​បច្ចុប្បន្ន”។ នេះទើប​ជា​ចំណង​ជើង​អត្ថបទពិត​ដែលខ្ញុំ​ចង់​សរសេរ។

ខ្ញុំ​គិត​ថាប្រធានបទនេះ ប្រហែល​ជា​មិនថ្មីទេ ហើយ​ជឿថា មុខ​ជា​មាន​ការ​បកស្រាយ ការ​ឆ្លើយតបគ្នាទៅវិញទៅមក ឬអាច​បង្កើត​ជា​ជម្លោះ​ច្រើន​មកហើយដែរ រវាងភាគី​ខាង​គាំទ្រ និង​ភាគី​ខាង​ប្រឆាំង​ ដែល​តែង​តែត្រូវ​បាន​គេ​ហៅថា “ពួកអភិរក្សនិយម” នោះ។ ដូច្នេះ សម្រាប់ប្រធានបទនេះ ខ្ញុំនឹង​មិនលើក​ពី​ “ការចម្លងភ្លេងបរទេស” មក​និយាយទេ ព្រោះនាំវែងឆ្ងាយអន្លាយដូចស្ទឹង​។

ខ្ញុំជឿថា​ បើយើង​ចោទ​ពី​ការចម្លងភ្លេង​បរទេស​ មកធ្វើ​ជារបស់ខ្លួននោះ វា​ពិតជាថោកមែនហើយ តែ​អ្នកនិពន្ធបច្ចុប្បន្ននេះ​មួយ ផលិតកម្ម​នេះ​ពីរ តែង​តែ​​ការពារកំហុស​របស់ខ្លួន ដោយ​លើក​កំហុស​ទៅកាន់​​ក្រសួង ទៅកាន់អ្នកកុបពី​ថាសក្លែង​ក្លាយ ឬទៅ​កាន់អ្នក​ស្តាប់​ដែល​មិនជួយ​ទិញ​ថាស​​ដើម​ពី​ផលិតកម្មរបស់ខ្លួន ថាខ្លួន​រត់ថ្លៃចំណាយ​ថតបទថ្មី​មិនរួច ថាខ្លួន​គ្មាន​ដើម​ធំផលិត​បទ​ភ្លេង​ខ្លួនឯង ថាខ្លួន​ក៏​ចង់​សរសេរទំនុក​បទថ្មី​ដោយខ្លួនឯងដែរ តែបកប្រែគេ​វាស្រួលជាង ឬក៏ខ្លួន​ក៏​ចង់សរសេរទំនុកថ្មីឲ្យភ្លេង​ថ្មី​ដែរ តែអត់ចេះសរសេរភ្លេងក៏​យក​បទភ្លេង​គេមក ឬក៏​ខ្លួន​សុំតែមួយរស់ៗ ​សរសេរ​យក​តែលុយ ផលិតយក​តែមាន​ អី​ជាដើម។ល។

រួចចុះទៅ​លើអត្ថន័យ​នៃបទចម្រៀង តើ​អស់លោក​អស់ក្បាច់ហើយឬ ដែល​សរសេរ​តែ​ស្នេហ៏ហឺត ស្នេហ៏ហៃ ស្នេហ៏ដូរអាច៍គ្នាស៊ី ដូរនោមគ្នាផឹក​ តែដដែលជាដដែលនោះ? តើក្នុងខួរក្បាលអស់លោកពិត​ជា​អស់​គំនិត​ត្រឹម​ហ្នឹង​ហើយឬ? ខ្ញុំ​ជឿថាអស់លោកជាអ្នក​និពន្ធពិតជា​លើកថា “បម្រើអារម្មណ៍អ្នកស្តាប់” ជាមិនខាន។ ខ្ញុំទាយ​ចិត្ត​អស់លោកត្រូវ​ណាស់​មែនទេ? ​

គួរ​ឲ្យអស់សំណើច​ដែល​ជំនាន់នេះមានមនុស្សធន់​​ដូច​ជា​អស់លោក ដែល​ជា​មនុស្ស​អត្មានិយមគិត​តែ​​លើក​កំហុស​ទៅកាន់អ្នក​ដ៏ទៃ គ្មាន​ទំនួល​ខុសត្រូវ​បែបនេះ។ បើអស់លោក​មិន​សរសេរ​អត្ថន័យ​ឲ្យ​តួប្រុស​តួស្រីងាប់ ឬ​ព្រាត់ប្រាស់និរាសគ្នានោះ​ តើពិត​ជាអស់​អ្នកស្តាប់​មែន​ឬ? តើក្រុម​អ្នក​ស្តាប់ពិត​ជាចូលចិត្ត​សាច់រឿង ឬអត្ថន័យចម្រៀង​កំសត់គ្រប់ពេល​ គ្រប់គ្នា​អញ្ចឹងមែនឬ? វាមិន​ខុសពី “អ្នក​កាប់ជ្រូក បន្ទោសអ្នកស៊ី អ្នកស៊ី​ថាមកពីគេកាប់ ទើប​គេ​ចេះតែស៊ីនោះទេ” ដល់ពេល​ចុងក្រោយតើបាប​ខ្លាំងជាអ្នកសម្លាប់ជីវិតគេ ឬអ្នកស៊ី? ហើយ​បើអង្គុយ​ចាំអ្នកស៊ីសាច់នាំគ្នា​ស៊ីបួស​អស់ក៏​ប្រហែល​ចាំដល់ផែនដីរលាយដែរ។

អ្នកនិពន្ធ​ដែល​ជោគជ័យ​មិនមែន​ជា​ការ​និពន្ធ​ទៅ​តាម​ទំនោរអារម្មណ៍អ្នក​អាន ឬអ្នកស្តាប់នោះទេ តែអ្នកនិពន្ធដែលជោគជ័យ​គឺ​ជា​ការ​ចេះ​វិជ្ជា​សណ្តំអារម្មណ៍ ឬ​ទាញ​អារម្មណ៍អ្នក​អានឬអ្នក​ស្តាប់ ឲ្យ​ស្លុង​អារម្មណ៍ជាមួយ​បទនិពន្ធរបស់ខ្លួន​បាន នោះទើប​ជាអ្នកនិពន្ធ​ពិត​ប្រាកដ។ ហើយ​នេះគឺ​ជា​ជោគជ័យ​ដ៏ធំធេង​របស់​អ្នកនិពន្ធ​ជំនាន់ដើម​​​​ ដែល​មានគ្រប់រសជាតិ គ្រប់បែប គ្រប់សណ្ឋាន ប្រកប​ដោយ​អត្ថរស និង​អត្ថន័យ​ជ្រាលជ្រៅ បន្កប់ខ្លឹម​សារ​អប់រំ ចិត្ត គំនិត និង​អភិវឌ្ឍន៍ ទោះ​អស់​លោក​ស្លាប់ទៅ​បាត់ តែស្នាដៃ​អស់លោកនៅ​តែបន្សល់ទុក​គួរឲ្យ​ស្ងប់ស្ងែង។

បើអស់​លោក​នៅ​តែសរសេរ​បទចម្រៀង​ឲ្យតួរ​ប្រុស​តួរស្រី​ស្រឡាញ់គ្នា​ដល់ស៊ីអាច៍ផឹកនោមគ្នា ឬក៏ដណ្តើមស្រី​ដណ្តើម​ប្រុស​គ្នា ព្រាត់ប្រាសគ្នា គឺដដែលនឹង​នៅ​តែ​ជាដដែល។ ហើយ​ស្នាដៃរបស់​អស់លោក៏​នឹង​ងាប់ទៅមុន​អស់​លោកជានិច្ច។ អស់​លោកគឺ​ជាអ្នកនិពន្ធ​ដ៏បរាជ័យ​ម្នាក់។

មួយវិញទៀត​ខ្ញុំ​ស្នើរដល់ផលិតកម្មទាំង​អស់ផងថា បើជ្រុលជាធ្វើខ្លួនថោក យកបទពីដើម​មក​ថត​សារថ្មីហើយ (ពិសេស ហង្សមាស) សូម​អាណិត​ស្រាវជ្រាវ​ចំណងជើង ទំនុកច្រៀង ឈ្មោះម្ចាស់សម្លេង ឬបើអាច ឈ្មោះអ្នក​សរសេរភ្លេង ដាក់បញ្ចូល​ឲ្យត្រឹមត្រូវផង តាមពិត​នោះមានគេ​ស្រាវជ្រាវឃើញច្រើន​ហើយ តែអស់លោក​គ្មាន​លុយ​បួន​​ដប់ដុល្លា ទិញពី​បណ្ណាគារ​មក​មើល​ក៏មិនដឹង ទើប​ចេះ​តែដាក់ចំណងជើង​ឲ្យខុស​នោះ នេះគេហៅថា ថោកជាន់ថោក។

បើ​អស់លោក​មានកំហឹង​នឹង​អត្ថបទនេះ សូមមើលកថាខណ្ឌទី២។

ចំណងជើង​បទថ្មីៗមួយចំនួន៖

  • ខ្លាចការពិត​ត្បិតមិនចង់បែក
  • ចាំអូនភ្លេចគេ ​ចាំបងប្រាប់ថាស្រឡាញ់
  • មិនហ៊ានប្រាប់ឲ្យបងស្អប់គេ
  • មិនចង់ឲ្យមានថ្ងៃស្អែកមកដល់
  • ធ្លាប់សន្យាហើយថាមិនធ្វើឲ្យអូនយំ
  • សុខៗគេសុំសង្សាវិញ
  • បើគ្មាននារីម្នាក់នោះបងស្នេហ៍អូនទេ
  • បើគ្មានគេបងនឹងស្រឡាញ់អូន
  • សុំមិនស្គាល់បងល្អជាង
  • បើបងស្នេហ៏អ្នកផ្សេងអូនធ្វើមិនបាន
  • ស្រឡាញ់មនុស្ស​ម្នាក់ខុសដែរឬ?
  • ហួសពេលដែលត្រូវ​បង​អើពើ
  • ដកចិត្តទុកសិទ្ធឲ្យគេថែអូន
  • ឈប់ទុកបងជាសង្សាអូន
  • ស្រឡាញ់អូនលែងខ្វល់ពីអារម្មណ៍អ្នកដ៏ទៃ
  • មិនហ៊ានស្រឡាញ់ព្រោះខ្លាចអូនឈឺចាប់
  • គ្មានបង អូនមានគេទៀតទេ
  • ព្រោះតែអូន បងក្បត់គេ

។ល។ គ្រប់ចំណងជើង សុទ្ធតែដូរអាច៍គ្នា។

បន្ថែម

  • បើកលុយ បើកលុយ
  • មកធើអី បើមកមិនផឹក

អានេះ រឹតតែចោលម្សៀតទៀត!

គូថខ្យង

អំពីម្ចាស់ប្លក គូទខ្យង
ដើម្បីខ្មែរដើរទាន់ពិភពលោក

32 Responses to តើអ្នកនិពន្ធ​ចម្រៀងខ្មែរ​បច្ចុប្បន្នអស់ក្បាច់ហើយឬនៅ ​ក្រៅពីស្នេហាប្តូរអាច៍គ្នា​ស៊ី ប្តូរ​នោម​គ្នា​ផឹក​នោះ?​

  1. នៅ​ទេ… នៅ​ចែក​ផោម​គ្នា​ហិត​មួយ​ទៀត

  2. វិចិត្រ says:

    គ្រាន់​តែ​គ្នា​សមត្ថភាព​មិន​ពូកែ ក៏​មិន​គួរ​យើង​ដៀល​គេ​ដូច្នេះ​ដែរ។ ខ្ញុំ​សួរ​លោក​មួយ​ទៅ​មើល តើ​អ្វី​មួយ​ដែល​​ជា​ជំនាញ​របស់​លោក ហើយ​បាន​ធ្វើ​អោយ​ពិភពលោក​កោត​សរសើរ​លោក និង ប្រទេស​ខ្មែរ នោះ? ឧបមា​ថា​បើ​លោក​គ្រាន់​តែ​ជា​បុគ្គលិក​ស៊ីប្រាក់​ខែ​ម្នាក់ទៅ​ចុះ តើ​គេ​គួរ​ដៀល (រឺថា​រិះគន់​ដើម្បី​ស្ថាបនា​ទៅ​ចុះ) ថា​លោក​ធ្វើ​ការ​ដដែល​ៗ​ ថ្ងៃ​ក្រោយ​នឹង​បរាជ័យ​ងាប់​ក្រលា​បាន​ដែរ​រឺ​ទេ?

    យើង​ច្រើន​តែ​ផ្ដោត​ទៅ​លើ​បុគ្គល​ដទៃ​ថា អ្នក​នេះ​ត្រូវ​តែ​អស្ចារ្យ​បែប​នេះ​បែប​នោះ មាន​សមត្ថភាព​ធ្វើ​បែប​នេះ បែប​នោះ បើ​មិន​អស្ចារ្យ​ទេ មាន​តែ​ថោកទាប ។ ពេល​ខ្លះ​ដូច​ជា​ជ្រុល​ពេក ដែល​យើង​ដាក់​ទំនួល​ខុស​ត្រូវ​លើ​បុគ្គល​ម្នាក់​ហួសហេតុ​ពេក ហើយ​ខ្លួន​យើង​យក​រួច​ខ្លួន​នោះ។

    យើង​ច្រើន​និយាយ​ថា បើ​មិន​បាន​ធ្វើ​អោយ​ខ្មែរ​ល្បី ក៏​មិន​បាន​ធ្វើ​អោយ​ខ្មែរ​ថោក​ទាប ដែរ តែ​យើង​ត្រូវ​ដឹង​ថា ការ​សំងំ​យក​រួច​ខ្លួន​តែ​ឯង​នេះ​ហើយ ហើយ​ចាំ​តែ​និយាយ​បញ្ឈឺចិត្ត​អ្នកធ្វើ​នេះ​ហើយ ដែល​ធ្វើអោយ​ខ្មែរ​វិនាស​នោះ។

  3. Dia Moung says:

    សូមសរសើរ​ស្នាដៃលោកគូថខ្យងខ្លាំងណាស់ ដែលពូកែសរសេរ ប៉ុន្តែ​ខ្ញុំ​សុំ​សួរ​ថា លោក​បាន​ធ្វើ​អ្វី​ខ្លះ​ជា​ប្រយោជន៍​ដែរឬទេ? លោក​មាន​ដឹង​ទេថា អ្នក​និពន្ធទាំងនេះ​បាន​ចំណាយ​ពេល​ទំនេរ​របស់​ខ្លួន​ទៅ​បង្រៀន​ក្មេងៗ​ជំនាន់​ក្រោយ​ស្តីពី​ការនិពន្ធ​ដោយ​ឥត​គិត​ថ្លៃ ដែល​សូម្បី​តែ​ស្រុកខ្មែរ​មិន​ទាន់​មាន​សាលា​បង្រៀន​តែង និពន្ធផងនោះ។ នេះ​សំណាង​ហើយដែល​ខ្ញុំ​ដឹង លឺ និងឃើញ​ផ្ទាល់​ភ្នែក​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​អ្វី​ដើម្បី​កូន​ខ្មែរ​ជំនាន់​ក្រោយទៀត អាច​យក​ចំនេះដឹង និង បទពិសោធន៍ពីពួកគាត់ ទៅធ្វើអ្វីដែលថ្មី និង កាន់តែល្អជាងពេលនេះ ដោយមិន​ចម្លង ឬ ដើរតាម​ក្បួន​គេទៀត។

    មួយទៀត នោះលោកថាការតែងនិពន្ធ…..ចុះលោកមានដែលអាន​ស្នាដៃ​មួយ​ចំនួន​ទៀត ដែល​គាត់​បាន​និពន្ធ​ដោយ​មិន​ចម្លង​តាម​គេ​មក​សរសេរដែរឬទេ? លោក​គូថខ្យងនេះ បើ​រិះគន់គឺល្អហើយ តែសូម​សរសេរ​អ្វី​ដែល​គេ​បានធ្វើ​ល្អជា​ស្នាដៃភ្ជាប់មកជាមួយអត្ថបទនេះផង ទើបជាការប្រសើរ។​

  4. អរគុណលោកវិចិត្រ​ដែលបាន​ចាប់អារម្មណ៍​ជាមួយអត្ថបទនេះ។ តែសូម​ទាញ​អារម្មណ៍​លោក​អានអត្ថបទនេះម្តងទៀត ខ្ញុំអត់បានថា​ឲ្យអ្នកនិពន្ធទាំង​នោះថាថោកទាបទេ ខ្ញុំថាអស់ក្បាច់ហើយឬនៅ? អ្វី​ដែលខ្ញុំដៀលនោះ គឺដៀលបទចម្រៀងទេតើ! គឺបទចម្រៀងដែលមានតែស្នេហាស៊ីអាច៍គ្នា បង្វក់ស្មារតី​អ្នកស្តាប់ ពិសេសយុវវ័យឲ្យវក់តែនឹងរឿងអស់ហ្នឹង ភ្លេចការសិក្សាអស់។
    ហើយខ្ញុំទាយទុកស្រេចហើយ​ថានឹងមានបងប្អូនអ្នកអាន​ចោទសួរមកខ្ញុំវិញថា ខ្ញុំចេះ ឬបានធ្វើអីខ្លះហើយ​ឬនៅ​ដើម្បីខ្មែរ​ជាដើម។ ខ្ញុំឆ្លើយមួយម៉ាត់ថា “សុំទោសខ្ញុំអសមត្ថភាព ខ្ញុំ​គ្មានឱកាស”។ តែសូមជម្រាបទៅអស់លោកអ្នកនិពន្ធវិញថា អ្វីដែលខ្ញុំចេះនោះ គឺខ្ញុំចេះតែរិះគន់នេះឯង ហើយបើអស់លោកនៅតែមិនឈឺនោះ ខ្ញុំពិតជារិតតែអសមត្ថភាពទៀតហើយ។ តែបើ​ការរិះគន់របស់ខ្ញុំ បានត្រឹមតែឡងមកវិញយ៉ាងដូច្នេះ ​វាមិនខុស​ពី​អ្នកវាយប្រដាល់លើរេញ បោះហ្កង់គ្រវាត់ឲ្យអ្នក​មើល ដែលចាំតែស្រែកថា វ៉ៃឆ្វេង វ៉ៃស្តាំ ឲ្យឡើងវ៉ៃម្តងនោះទេ។ តើអតិថិជនជាស្តេចឬ? បើអស់លោកឲ្យតម្លៃអតិថិជន ខ្ញុំសុខចិត្តឲ្យលោក​ខឹង​ឌៀល​ខ្ញុំវិញតាមចិត្តចុះ តែអ្វីដែលខ្ញុំចង់បានគឺ “ដើម្បីឲ្យខ្មែរដើរទាន់ពិភពលោក” ទោះក្នុងមធ្យោបាយអីក៏ដោយ ហើយបើលោកពិតជាខឹងខ្លាំងមែន សូមមើលកថាខណ្ឌទី២ក្នុងអត្ថបទខាងលើ។

    • វិចិត្រ says:

      “ដើម្បីឲ្យខ្មែរដើរទាន់ពិភពលោក” ៖ ដើម្បី​អោយ​ខ្មែរ​ដើរ​ទាន់​ពិភព​លោក គេ​ត្រូវ​ប្រឹង​ទាំ​ងអស់​គ្នា មិន​មែន​និយាយ​ថា​ខ្លួន​អសមត្ថភាព​ ហើយ​យក​រួច​ខ្លូន​តែ​ឯង​នោះ​ទេ។ គ្មាន​ឱកាស ៖ ឱកាស​វា​មិន​រត់​មក​រក​យើង​ទេ។
      ពិត​ណាស់​ដើម្បី​អោយ​អ្វី​មួយ​រីកចំរើន​គេ​ត្រូវ​ការ​រិះគន់ តែ​អ្នក​រិះគន់​គេ​ហ្នឹង​ក៏​ត្រូវ​តែ​កែលំអ​ខ្លួន​ខ្លះ​ដែរ មិន​ត្រូវ​គ្រោត​គ្រាត​ពេកទេ។ (និយាយ​នេះ​មិន​មែន​មាន​ន័យ​ថា​ខ្ញុំ​ជា​មនុស្ស​ដែល​មាន​ពាក្យ​សំដី​ផ្អែម​ល្ហែម​នោះ​ទេ ពេល​ខ្លះ​ខ្ញុំ​ក៏​គ្រោត​គ្រាត​ដែរ តែ​នេះ​ជា​គុណវិបត្តិ​ដែល​ត្រូវ​តែ​កែ​លំអ ដែល​ត្រូវ​តែ​ជៀសវាង។)

      • អរគុណ និងទទួលយកមតិលោកវិចិត្រ ខ្ញុំនឹង​រៀននិយាយពាក្យល្អៗឲ្យច្រើនបន្តិច។ តែសង្ឃឹមថាពាក្យអាក្រក់លើកនេះ បានដល់ការពិចារណាទាំងអស់គ្នា ទាំងខ្ញុំទាំងអស់លោកអ្នក​និពន្ធ។ ធ្វើមនុស្សត្រូវចេះឈឺ ពេលគេជេរ។ អរគុណ​សម្រាប់ចំណាប់អារម្មណ៍អត្ថបទនេះ។

  5. បន្ថែមសម្រាប់លោកDia ក្នុង​ប្រធានបទនេះ អត្ថបទនេះ ខ្ញុំលើកតែពីរឿងរិះគន់ប៉ុណ្នោះ ឯវគ្គសរសើរគឺនៅអត្ថបទបន្ទាប់។ ខ្ញុំមិនមែនជាមនុស្សប្រឆាំងផ្កាប់មុខនោះទេ កុំបារម្មណ៍។ មានក្តៅមានត្រជាក់ មានបង្អាប់ មានសរសើរ។

  6. ជជែកគ្នាតើ…​សុំអង្វរ!… សំរាប់ខ្ញុំ​អត់​ដែល​ស្តាប់​សោះ​ ​បទចំរៀង​ថ្មីៗ ហើយ​សូម្បី​ភាពយន្ត ឬវីដេអូភាគ​ខ្មែរ​ថ្មីៗ​តាមទូរទស្សន៍ ​ក៍​ខ្ញុំ​អត់​ដែល​តាម​ដាន​មើល​ដែរ។ ហេតុនេះ​ទើប​ខ្ញុំ​គ្មាន​យោបល់​អី​ដែល​ត្រូវ​សរសើរ​ ឬបង្អាប់​ទេ។ ម្យ៉ាងទៀត បើអស់​លោក​ណា​ខឹង​ខ្ញុំ​ថា ​មិន​ជួយ​គាំទ្រ​សិល្បៈ​ចំរៀង ភាពយន្ត​ខ្មែរបច្ចុប្បន្ននេះ ក៍​ខ្ញុំ​មិន​ខឹង​គេ​វិញ​ដែរ។ ព្រោះ​សំលេង​តារា​ចំរៀង​យើង​បច្ចុប្បន្ន រួម​ផ្សំ​នឹង​ទំនុក​ច្រៀង (ខ្ញុំ​មិន​និយាយ​ពី​បទ​ភ្លេង​ទេ) គឺ​ខ្ញុំ​ពិបាក​លេប​ចូល​ណាស់… ដាក់អួលៗ..!! ហើយ​បើ​​បបួល​ខ្ញុំ​មើល​​វីដេអូ​​រឿង​ភាគ​ខ្មែរ​​​​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​វិញ ខ្ញុំ​សុខចិត្ត​មើល​តុក្កតា​រឿង ឆ្មា-កណ្តុរ វិញ​មាន​ខ្លឹមសារ​​គ្រាន់​បាន​សើច​ជាង។ ហើយ​បើ​​បបួល​ខ្ញុំ​មើល​ក្រុម​កំប្លែង​តាម​ទូរទស្សន៍​វិញ ខ្ញុំ​គិត​ថា៖ ​ខ្ញុំនេះ​ភ្លើ កំពុង​អង្គុយ​មើល​ពួកឆ្កួត..!! តែ​ខ្ញុំ​សរសើរ​វីដេអូ​អប់រំ​​រឿងភាគ​ខ្មែរ ​ដែល​ផលិត​ដោយ​មណ្ឌល​ព័ត៌មាន​ស្រ្តីកម្ពុជា…។ អរគុណ…

  7. Ah Pov says:

    សីលធម៌​ និង​ដុំបាយ… បញ្ហា​នេះ តែងតែ​កើតមានគ្រប់សម័យកាល។ បើនិយាយ​ពី​គោល​ការណ៍​ទីផ្សារ តម្រូវ​ការ និងការផ្គត់​ផ្គង់​ វាតែង​តែបំពេញមុខ​​ឲ្យ​គ្នា​ទៅ​វិញទៅមក ដូច្នេះ​​​​ពេល​ខ្លះ យើង​មិន​អាច​បន្ទោស​តែ​​​អ្នក​និពន្ធ​តែឯងឯកនោះ​ទេ។ ផ្នត់​គំនិត បរិយាកាស ចំណេះដឹង ការ​អប់រំ និង​ភាព​បន្សាំ សុទ្ធ​តែ​​ជាបញ្ហាសម្រាប់​សង្គម​របស់យើង​នាបច្ចុប្បន្ន​នេះ។ យើង​ទើប​តែងើប​ឈរ​ឡើង នៅ​មាន​បញ្ហា​ជា​ច្រើន​​ដែល​ត្រូវ​រៀន និងត្រូវលត់ដំ មិន​ថា​តែ​អ្នក​និពន្ធ ក៏​ដូច​ជា​យើង​រាល់គ្នា​។ តែ​យ៉ាង​ណាៗ ខ្ញុំក៏​យល់​ស្រប​នឹង​គូថ​ខ្យង​មួយ​ភាគដែរ ​ដែល​ថា​​ចម្រៀង​​សម័យ​​នេះ​ ភាគ​ច្រើន​ចូលចិត្តនិយាយ​រឿង​ស្នេហា​សោក​​សៅ​របស់​យុវវ័យ​ច្រើន ពេល​ដែល​ស្តាប់​ហើយ ជាពិសេសរឿង​ដែល​ត្រូវ​សាច់រឿងផង រឹតតែ​ឈឺចាប់​​ និងរវើរវាយ​​​លើសដើម… ចំណែក​ឯបទ​ចម្រៀងលើកទឹកចិត្តអី​ហ្នឹង ពិតជាកម្រ​មាន ចង់​រក​ស្តាប់ ​ទុក​មកលួង​ចិត្ត​ខ្លួន​ឯងលេងៗ​ ក៏​​ពិបាក… ជា​យោបល់​ ​​​សម្រាប់​អ្នក​និពន្ធ​ចម្រៀង បើ​គាត់​អាច​បង្វែង​​​សរសេរចម្រៀងសប្បាយៗ និយាយ​ពីការរៀន​នៅ​សាលា​​ខ្លះៗ និង​ការ​ដើរលេងអី​ហ្នឹង ពិត​ជា​ល្អ… តែមួយ​ភាគ​ទៀត បើ​តាម​ដឹង អ្នក​និពន្ធគេក៏​ចង់តែងចម្រៀង​ដែល​ក្រៅ​ពី​រឿងស្នេហា​ស្នេហឺតអី​ហ្នឹង​ដែរ​ តែ​​​វា​ពិបាក​នៅ​ត្រង់​ថា​ ម្ចាស់​ផលិតកម្ម​គេ​គាំទ្រ​ឬក៏​អត់?

    • អ្វីដែលខ្ញុំចង់បានគឺប៉ុន្មានឃ្លាចុងក្រោយហ្នឹងឯង។ ខ្ញុំពេញចិត្តបទ “ឈាមពេជ្រ” របស់លោកផល។ ទោះជាបទភ្លេងបរទេស (យើងកុំនិយាយពីភ្លេង) តែ​ចុងជួន អត្ថន័យ អត្ថរស គឺគួរឲ្យសរសើរគាត់មែនហើយ “មិនភ្លេចការសិក្សា ស្នេហាកន្និដ្ឋា ដឹងគុណ​មាតាបិតា។

  8. ខ្ញុំសុំនិយាយមួយចុះ ខ្ញុំមិនចេះនិពន្ឋអីនោះទេ អារឿងចំរៀងស្នេហាអីហ្នឹងដល់ថ្នាក់មានជនជាតិបរទេសមកសួរខ្ញុំថា ហេតុអីបានជាជនជាតិខ្មែរចូលចិត្តស្តាប់ចំរៀងស្នេហាស្នេហឺតម្ល៉េះ? ដល់គេសួរអញ្ជឹងខ្ញុំមិនដឹងឆ្លើយប្រាប់គេថាម៉េចទេ បើខ្ញុំមិនដឹងថាត្រូវឆ្លើយម៉េចផង

  9. ជនអនាថា says:

    ខ្ញុំចង់និយាយថាសិល្បៈខ្មែរសម័យព្រះរាជាណាចក្រ អឆ្ឆរិយៈ នេះគឺសូន្យ.
    ហេតុអ្វីបានថាសូន្យ? ព្រោះសិល្បៈខ្មែរដើរតែតាមក្រោយគូទគេ ត្រូវគេជេរ,គេដៀល
    គេម៉ាក់ងាយ,មើលងាយ មើលថោក,គេប្រមាថ,គេរកប្តឹង……….។ល។និង។ល។
    បានហើយមិនចង់និយាយច្រើនទេព្រោះនិយាយច្រើនខុសច្រើន.
    តែបើយើងមិននិយាយគេថាយើងអោនក្បាលដូចអណ្ដើកចាំតែយករួចខ្លួនមិនជួយកែលំអរ.
    តែបើយើងនិយាយខ្លាំងគេថាយើងនឹងបណ្ដុះបន់អាប់គ្មានក្នុងន័យស្ថាបនា.
    សរុបសេចក្ដីមកគេធ្វើអ្វីក៍ត្រូវធ្វើអ្វីក៍សមដែរ.

  10. សរុប​​​​សេចក្ដី​​មក​ខ្ញុំ​គាំទ្រ ទស្សនៈ និង អត្ថបទ គូថខ្យង ១០០% 😀 ។
    ទស្សនៈ​ខាង​លើ​គឺ​ជា​ការពិត​សុទ្ធ​សាធ អោយ​តែ​ជា​ការ​ពិត ខ្ញុំ​មិន​ដែរ​ខ្លាច​​អ្នក​ណា​គេ​ថា​អោយ​ខ្ញុំ​ឬ​ស្អប់​ខ្ញុំ​នោះ​ទេ ។ សូម​គូថ​ខ្យង​បន្ត​សរសេរ និង​និយាយ​ការ​ពិត​ក្នុង​សង្គម​ខ្មែរ​អោយ​បាន​ច្រើនៗ
    ពីខ្ញុំ​អ្នក​ចូលចិត្ត​និយាយ​ការពិត 😀 ចំរៀង​ខ្មែរ​សម័យ​ឥឡូវ​អោយ​ស្តាប់​ទទេ​ក៏មិន​ស្តាប់​ដែរ ឧទាហណ៍​អ្នក​ផ្ទះ​ខ្ញុំ​ដឹង​ចិត្ត​ខ្ញុំ​ណាស់ គឺ​ពួក​គាត់​មិន​ហានចាក់ស្ដាប់​ មក​ពី ខ្លាច​ខ្ញុំ​ទេសនា 😀

  11. LOYMEN says:

    អូយ ! ខ្ជិលអានខ្លាំងណាស់ ព្រោះមតិវែងៗពេក ….. ( កុំឈ្លោះគ្នាណា…….. តែបើចូល សង្វៀនប្រដាល់ ពេលណា កុំភ្លេចហៅខ្ញុំទៅមើលផង..ហាហា )

  12. ហនុមាន says:

    ខ្ញុំសុំចុះឈ្មោះ ឡើងសៃវៀនមួយរ៉ែ ? ចង់ចូលក្បាច់អីក៏បានដែរ បុរាណ សម័យទំនើប ប្រដាល់ ចំបាប់ សូមទទួលបានទាំងអស់ លើកលែងតែគ្រាប់មីន នឹងគ្រប់បរ៉ាមាណូ បានអត់លេងចូល ។ សុំចុច like មួយសិន ខ្ជិលអានណាស់ វែងពេក ចាំងៃណាទនេរចាំមកចងមុងអានតាហ្មង ! ហាស់ ហាស់

  13. monyrinataro says:

    ខ្ញុំអត់មានយោបល់ទេ ព្រោះខ្ញុំមិនដឹងអ្វីសោះពីខាងនិពន្ធ!

    ប៉ុន្តែខ្ញុំក៏ឃើញបទចម្រៀងមួយចំនួន ដែលគ្មានលក្ខណៈអប់រំទាល់តែសោះ!

  14. …ខ្ញុំសុំមិននិយាយពីការនិពន្ធចម្រៀងស្នេហា តែខ្ញុំសុំនិយាយពីយុវវ័យបច្ចុប្បន្ន។ ក្នុងនាមខ្ញុំជាយុវវ័យមួយរូបនឹងគេ ខ្ញុំដឹងថា មិនមែនដោយសារតែចម្រៀងស្នេហាទេដែលធ្វើឲ្យយុវវ័យខ្មែរឈ្លក់វង្វេង។ យើងអាចឃើញមានកត្តាជាច្រើនទៀត ដូចជាការហូរចូលនៃវប្បធម៌បរទេស..ល.. (ដែលខ្ញុំសុំមិននិយាយ ព្រោះអ្នកទាំងអស់គ្នាក៏ដឹង)។ ម្យ៉ាងទៀត ក្នុងនាមខ្ញុំជាអ្នកនិពន្ធ (ក្រៅផ្លូវការ) មួយរូបដែរ ខ្ញុំគ្រាន់តែចង់និយាយថា បទចម្រៀងដែលនិពន្ធហើយ មិនមែននិពន្ធហើយភ្លាមគឺថតសម្លេងភ្លាមនោះទេ គឺត្រូវឆ្លងកាត់ម្ចាស់ផលិតកម្មជាមុនសិន។ បើតាមខ្ញុំដឹង បទចម្រៀងដែលនិពន្ធដើម្បីលើកទឹកចិត្ត ក្រៅពីស្នេហាមានច្រើន (ដូចជាបទ ព្រោះយើងជាមិត្ត, oh my firend! របស់ផលិតកម្មហង្សមាស) ប៉ុន្តែសួរថា បើម្ចាស់ផលិតកម្មគេថតបទហ្នឹង តើមានមនុស្សប៉ុន្មាននាក់នឹងទិញ? ថ្វីត្បិតចម្រៀងជាសិល្បៈ តែទន្ទឹមនឹងនោះ វាក៏ជាជំនួញមួយដែរ។ ប្រសិនជារវល់តែចេញបទដែលមិនទទួលបានការពេញនិយមពីសំណាក់យុវវ័យ សួរថាក្រុមហ៊ុននឹងឈរជើងបានយូរប៉ុណ្ណា? ដែលខ្ញុំនិយាយនេះ មិនមែនមានគាំទ្រទាំងស្រុងទៅលើការនិពន្ធចម្រៀងស្នេហានោះទេ ព្រោះមានចម្រៀងខ្លះក៏ធ្វើឲ្យខ្ញុំទើសភ្នែក ទើសច្រមុះដែរ តែសួរថាទោះបីជាខ្ញុំសរសេររិះគន់ ជេរស្តី តើអ្នកនិពន្ធទាំងនោះនឹងចាប់អារម្មណ៍ដែរទេ? សួរថា បើគេមិនសរសេរចម្រៀងតម្រូវតាមចិត្តម្ចាស់ផលិតកម្ម តើគេអាចធ្វើការបានទៀតដែរទេ? លោកមិនគួររិះគន់តែខាងអ្នកនិពន្ធទេ ជាអ្នកធ្វើការឲ្យគេ បើចៅហ្វាយឲ្យឆ្វេង តើលោកអាចស្តាំបានទេ? បាទ! សូមអស់យោបល់។

    • ហើយចុះ​បទ​ពី​សង្គម​មុនៗ គេ​និយាយ​ស្នេហា​ដែរ​ម៉េច​ក៏​អត់អី វា​អីតែសម័យ​ដែកគោ មក​ពី
      – បទពីសង្គម​គេ​និយាយ​បែប​សាសងគ្នា ញែគ្នា រៀបរាប់ផ្សេងៗ
      -បទសម័យដែកគោ ហាឡើង មីស្រីងាប់ អាប្រុស​ជាប់​គុក 😀 អាប្រុស​លួយមាន​សាហាយ មីស្រី​ចូលចិត្ត​ធ្វើចុងគេ 😀 ស្រី​លេបថ្នាំ​កណ្តុល ប្រុស​លេប​ថ្នាំ​កណ្តោ 😀 ហាស ហា និយាយ​ហើយ​ចង់​សើច។ បើម្ចាស់​ផលិត​កម្មបង្ខំអោយ​សរសេរ ក៏​មិន​សូវ​ស្អប់ដែរ​តែ​នេះ​មក​ពី​អ្នក​និពន្ធ​ខ្លួន​ឯង​ហ្នឹងដែរ​បែក​ឆ្វេង ពេល​គេ​ថា​ឆ្កួតគ្រឿងហើយ​អត់ជឿគេ​ទៀត

  15. គ្រាន់តែ​សង្កេត​ឃើញ​ថា​បទ ចម្រៀង​ខ្លះ​ធ្វើឲ្យ​មនុស្ស​ខូច​ចិត្ត​ស្រាប់គិត​ខ្លី​តែ​ម្តង ។

  16. Pingback: អារម្មណ៍ និង ពាក្យទទូចអង្វរពី​លោក គង្គ ប៊ុនឈឿន « គូទខ្យង

  17. គឹម ចាន់ says:

    បទចម្រៀងសម័យឥឡូវ ចុងបញ្ចប់ គឺប្រាកដជាមាន​តួអង្គណាម្នាក់ស្លាប់មិនខាន! ហា ហា…ម៉េចចឹងទៅ?

  18. achharia says:

    ខ្ញុំគាំទ្រការរិះគន់របស់ គូទខ្ចង ទៅលើបទចំរៀងខ្មែរយើងថ្មិៗ
    ហើយក៏គាំទ្រការរិះគន់បករបស់ ​វិចិត្ត ​ផងដែរ ។ គឺរបៀបនិយាយ
    និងសរសេររិះគន់ក៏ត្រូវមានសីល្បៈជាមួួយដែរ ដែលមិនស្រួល
    ប៉ុន្មានទេតាមខ្ញុំធ្លាប់ដឹង ដើម្បីអោយសាម៉ីខ្លួនព្រមជឿនិងទទួលយក
    បានដោយមិនថ្នាំងថ្នាក់ក្នុងចិត្តផងក្នុងការរីះគន់នោះ ។​ ខ្ញុំធ្លាប់លឺថា
    ជាចរឹតមួួយរបស់ខ្មែរយើងដែរគឺ សាបមួយដៃ ប្រៃមួួយចិប ។ល។

  19. ខ្លារខិន says:

    ខ្ញុំសូមគាំទ្រចំពោះលោកវិចិត្រ និងលោក Diamond ១០០%តែម្ដង គាត់និយាយត្រូវ បើចង់ឲ្យខ្មែរដើរ​ទាន់ពិភពលោកបាន គប្បីតែយើងត្រូវខិតខំធ្វើទាំងអស់គ្នា មិនមែន មានមាត់ចាំតែថា ហើយសំងំយក​សុខម្នាក់ឯងនោះទេ មុននឹងរិះគន់គេ យើងគប្បីរិះគន់ខ្លួនឯងសិន ថាបានធ្វើស្អីសម្រាប់សង្គមហើយឬ​នៅ? បើមិនអត់ធ្វើស្អីសុទ្ធ ចាំតែថាឲ្យគេយ៉ាងនេះបានស្អីរីកចម្រើនទៅរួច ហើយកុំចាប់បាច់ដោះសារថា​ខ្លួនឯងអសមត្ថភាព គ្មានឱកាស ថាឲ្យតែបានតែម្ដង ឱកាសគឺយើងជាអ្នកស្វែងរកវាដោយខ្លួនឯង មិនមែនចាំដល់គេយកសាច់យកដាក់ដល់មាត់ បានខំទំពារទេ ដឹងខ្លួនដែរ ថាខ្លួនឯងអសមត្ថភាព អត់ខំប្រឹងខ្លួនឯង ទៅរិះគន់គេទៅវិញ ។បានខ្ជិលសេរសេរណាស់ សាកល្បងដេងគងថ្ងាសគិតខ្លួនឯង​មើលទៅ!

បញ្ចេញមតិ