រឿងចាស់និទានថ្មី​ ១៩៦០

ដោយសារតែខ្ញុំជាមនុស្សចូលចិត្តបទចាស់ៗពីសង្គម ខ្ញុំតែងតែយកពេលទំនេរពីការងារ ទៅអណ្តែតអណ្តូងជាមួយកំណាព្យស្នេហ៍មាសរបស់កវីជំនាន់មុនជានិច្ច។ កាលពីអត្ថបទមុន ខ្ញុំបានសង្ខេបពាក្យពេចន៍ទទូចអង្វរខ្លះៗរបស់លោកគង្គប៊ុនឈឿន ដែលសរសេរក្នុងសៀវភៅ«ទំនួញប៉ាកាស្នេហ៏»របស់លោក។ ថ្ងៃនេះ ក្នុងសៀវភៅ «ទំនួញប៉ាកាស្នេហ៏» ដដែល ខ្ញុំនឹងលើកយក រឿងចាស់មួយនិទានជាថ្មី ពីព្រឹត្តិការណ៍មួយដែលរំលងជាង៥០ឆ្នាំទៅហើយ តែបានដក់ជាប់ក្នុងអារម្មណ៍លោកគង្គ ប៊ុនឈឿនមិនសាបរលាបឡើយ។

ក្នុងសៀភៅ «ទំនួញប៉ាកាស្នេហ៏» ទំព័រទី៣៧ លោកគង្គ ប៊ុនឈឿន បានបានសរសេរថា៖

កាលពីឆ្នាំ ១៩៦០ ខ្ញុំបានឃើញក្រុមភ្លេងក្រសួងឃោសនាការជាតិ ដែលជាក្រុមភ្លេងល្បីឈ្មោះជាងគេនាសម័យនោះ (ព្រោះដឹកនាំដោយតន្រ្តីករជើងចាស់ គឺលោក ពៅ ស៊ីផូ និងលោក ភួង បូផា ព្រមទាំងអ្នកចម្រៀងឯកៗ ដូចជាលោក ស៊ីន ស៊ីសាមុត លោក សុស ម៉ាត់ និងនាង កែវ សេដ្ឋា) បានមកប្រគុំនៅខែត្របាត់ដំបង ក្នុងបេសកកម្មដង្ហែតាមព្រះរាជដំណើរសម្តេចឪជាអម្ចាស់ ដែលកាលណោះនៅជាសម្តេចព្រះឧបយុវរាជ។

ក្នុងរាត្រីដំបូង ដែលប្រគុំនៅមណ្ឌលកីឡាស្ថានខែត្រ ដើម្បីជូនសាធារណជនមើលកម្សាន្តនោះ ខ្ញុំដែលបានទៅមើលក្នុងពេលនោះដែរ បានឃើញលោក ម៉ា ឡៅពី ដែលជាអ្នកធ្វើអត្ថាធិប្បាយ (១) ប្រចាំវង់តន្រ្តី បានតែងទំនុកច្រៀងមួយភ្លៀមៗបន្ទាប់ពីឃើញយុវនារីដ៏មានរូបស្អាតម្នាក់ ទៅឈរមើលវង់ភ្លេងនោះដែរ។ ដោយនារីនោះ មានសៀតផ្កាកុលាបក្រហមនៅសក់ លោកក៏បានប្រកាសជាឧឡាឬកនៅពេលនោះថា «ដើម្បីជាអនុស្សាវរីយ៍របស់វង់តន្រ្តីឃោសនាការជាតិ ដែលមកប្រគុំក្នុងខែត្របាត់ដំបងនេះ ខ្ញុំសូមជូនបទចម្រៀងដ៏ថ្មីស្រឡាងមួយបទ ដែលខ្ញុំទើបនឹងតែងរួចអំបាញ់ម៉ិញ ប្រគល់ជូនលោក សុស ម៉ាត់ ច្រៀង ឈ្មោះថាបទ «កុលាបក្រហម»។» លោក ម៉ា ឡៅពី បានបញ្ជាក់បន្ថែមទៀតថា «លោក ពៅ ស៊ីផូ បាននិពន្ធ Melodie ចុងក្រោយមួយបទ ដោយមិនទាន់បានដាក់ទំនុកច្រៀងនៅឡើយ! ពេលនេះជាឱកាសល្អ ដែលខ្ញុំមានវាសនាសូមលើកយក Melodie នេះមកដាក់ទំនុកច្រៀង ដើម្បីឧទ្ទិសដល់ម្ចាស់កុលាបមួយទង ដែលរីកក្រពុំមិនចេះស្រពោន នៅលើទឹកដីជាយដែនដ៏សែនឆ្ងាយនេះ។»

ព្រឹត្តិការណ៍នេះ ទោះបីរំលងទៅជាង ៤០ឆ្នាំហើយក្តី(២) តែនៅតែដិតជាប់ក្នុងអារម្មណ៍ខ្ញុំមិនសាបរលាបទៅណាឡើយ ហើយខ្ញុំតែងតែនឹកឃើញជានិច្ចថា កាលណាមាន Melodie ត្រៀមទុកហើយ ការតែងទំនុកច្រៀងដាក់ទៅក្នុងបទនោះ ពិតជាមិនសូវរអាក់រអួលប៉ុន្មានឡើយ គឺគេអាចនឹងតែងហើយប្រគល់ឲ្យអ្នកច្រៀងបានភ្លាមៗទៀតផង។

ប៉ុន្តែខ្ញុំក៏យល់ដែរថា នេះសម្រាប់តែអ្នកដែលស្ទាត់ជំនាញប៉ុណ្នោះ បើអ្នកដែលចេះល្មមៗ ឬទើបនឹងរៀនតែង មិនអាចធ្វើការនេះក្នុងពេលតែបួនដប់នាទីបានឡើយ ព្រោះការរៀបបញ្ចូលទៅក្នុងសាច់បទ ឲ្យត្រូវទាំងចំនួនពាក្យ ទាំងចុងជួន ទាំងចង្វាក់ផងនោះ ទាមទារត្រូវតែមានបច្ចេកទេស និងការប៉ិនប្រសប់ច្នៃច្បាស់លាស់ណាស់។ [—]

(១) បច្ចុប្បន្នគេប្រើពាក្យថា «ពិធីករ»

(២) សៀភៅនេះលោកនិពន្ធឆ្នាំ២០០២ ដូច្នេះមកដល់បច្ចុប្បន្ន ព្រឹត្តិការណ៍នោះរំលងប្រហែល៥០ឆ្នាំហើយ។

គូទខ្យង

ហេតុអ្វី​ថ្នាក់ដឹកនាំ​កម្ពុជា​មិនទម្លាប់ប្រណម្យ​ហត្ថា?

នៅលើពិភពលោកយើងនេះ ជាតិសាសន៍និមួយៗមានទម្លាប់គារវៈកិច្ចគ្នាតាមវប្បធម៌ទំនៀមទម្លាប់ខុសៗគ្នា។ ស្រុកចិន ស្រុកជប៉ុន គេអោនក្បាលជាការគោរព នៅអឺរ៉ុបគេចាប់ដៃរលាក់គ្នាជាការគោរព ឬដាក់ថ្ពាល់និងថ្ពាល់ម្តងឆ្វេងម្តងស្តាំជាការនឹករលឹក។ ឯជនជាតិអាស៊ីមួយចំនួនដូចជា កម្ពុជា សៀម លាវ ក៏មានវប្បធម៌គារវៈកិច្ចស្រដៀងគ្នាមួយដែរ គឺការប្រើដៃទាំងទ្វេប្រណម្យសំពះគ្នាទៅវិញទៅមក នៅពេលជួបគ្នា ជម្រាបលា ឬការថ្លែងសេចក្តីអរគុណ។ ឯនៅកម្ពុជាការសំពះក៏មានក្បួនខ្នាតខុសៗគ្នាខ្លះដៃរ ទៅតាមវ័យមនុស្ស ថានៈ តួនាទីជាដើម។ សូមមើលអត្ថបទ «លក្ខណៈសំពះរបស់ខ្មែរ»

ក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកចម្ងល់មួយទៅលើការសំពះនេះ ទៅកាន់ថ្នាក់ដឹកនាំទាំងឡាយមានសម្តេចដ៏ឧត្តុងឧត្តម ដ៏មហិមា ចុះរហូតដល់មន្រ្តីជាន់ខ្ពស់ និងថ្នាក់ក្រោម ក្រោមឱវាទទាំងអស់ដែលតំណាងឲ្យកម្ពុជាគ្រប់កាយវិការ។ រាល់ពេលដែលខ្ញុំមើលព័ត៌មានតាមកញ្ចក់ទូរទស្សន៍ តាមកាសែត និងប្រព័ន្ធផ្សាយព័ត៌មានជាច្រើនផ្សេងទៀត ខ្ញុំពិតជាឃើញដោយកម្រណាស់ដែលលោកមន្រ្តីទាំងអស់ប្រើកាយវិការដ៏ផូរផង់មួយនេះ។ គួរឲ្យខ្មាសអៀនទៅទៀតនោះគឺនៅពេលដែលអស់លោកមន្រ្តី ជួបថ្នាក់ដឹកនាំ ប្រតិភូ ភ្ញៀវបរទេសទាំងឡាយដែលអញ្ជើញសម្តែងការគួសមជាមួយអស់លោក ឬអស់លោកអញ្ជើញចុះពីលើយន្តហោះ ចុះពីរថយន្ត គេ(ជនបរទេស)សំពះសួរលោក លោកបែរជាលូកដៃលឿនស្លេវទៅចាប់រលាក់ដៃគេទៅវិញ។ តើនេះមិនមែនជារឿងអាម៉ាស់មួយដែរទេឬ?

ខ្ញុំនឹងមិនបរិយាយអីឲ្យច្រើនទៀតនោះទេ ព្រោះខ្ញុំជារាស្រ្តសាមញ្ញល្ងង់ខ្លៅមួយរូប ចង់ទូន្មានបណ្ឌិតឯកឧត្តមគឺជារឿងកំប្លែងមួយហើយ។ ជាការស្នើសុំ ជូនដល់ជនរួមជាតិទាំងអស់ សូមកុំភ្លេចទម្លាប់ដ៏ល្អមួយនេះ បើអ្នកមិនអាចចោលការចាប់រលាក់ដៃគ្នាបាន សូមរៀនសំពះជាមុន ហើយចាំលូកដៃរលាក់គ្នាតាមក្រោយ ក៏ជាកាយវិការប្រសើរមួយដែរ។

គូទខ្យង

សម្តេចហ៊ុន សែន ពេលជួបពិភាក្សាជាមួយសមាជិកសភាអាមេរិកាំង កាលពីឆ្នាំកន្លងទៅ

យុទ្ធសាស្រ្តបញ្ជ្រាបទឹក

ទាញ​ចំណាប់អារម្មណ៍​អស់​លោក​នាង​កញ្ញា​បន្តិច សុំ​៣នាទី​ពិចារណា​រឿង​ជាតិ។

នៅពេល​ដែល​សម្បទាន​ដីព្រៃ​តំបន់​ខែត្រ​ជាប់ព្រំដែន​​ដែល​មាន​រហូត​ដល់​៩៩ឆ្នាំ។ យើង​មិន​​និយាយ​រឿង​ផលប៉ះពាល់​លើ​ព្រៃ​ឈើ​បច្ចុប្បន្នទេ។ តើលោកអ្នក​ដឹងទេ? ក្នុង​កិច្ចសន្យា​សម្បទាន​ គឺ​មិន​អាច​យក​កម្មករ​ជា​ជនជាតិ​យួន​បានទេ តែកិច្ចសន្យាទាំង​នោះ​គ្មាន​ឥទ្ធិពល​អ្វីទាំង​អស់។ ថៅកែ​ជា​ជនជាតិ​យួន​ទាំងនោះ លើក​ហេតុផលថា កម្មករ​ខ្មែរ​និយាយ​ស្តាប់គ្នា​មិន​បាន គ្មាន​ជំនាញ​ច្បាស់លាស់ ទើប​បង្ខំ​ចិត្ត​បញ្ជូន​កម្មករ​ជា​សាសន៍​យួន​ចូល​មក​រាប់​រយ រហូត​ដល់រាប់ម៉ឺននាក់​ សែននាក់​ក្នុង​ពេល​ខាងមុខ។

ឧទាហរណ៍ថា កម្មករ​ជនជាតិ​យួន​​ទាំង​អស់​នោះអាយុ​ជាមធ្យម​៣០ឆ្នាំ មាន​កូន​។ នៅពេល​កូន​នោះ​អាយុ​៣០ឆ្នាំឪពុកម្តាយ​ទាំងនោះ​៦០ឆ្នាំ នៅពេល​ដែល​កម្មករយួន​​ទាំង​នោះ​អាយុ​បាន​៩០ឆ្នាំ ពួក​គេ​មាន​ចៅ​អាយុ​៣០ឆ្នាំ​ដែរ។តើ​៩០ឆ្នាំ​ក្រោយ​កម្មករ​ជា​ជនជាតិ​យួនទាំ​ងនោះ អាច​បង្កើត​ជា​ភូមិ​ឃុំយួន​បាន​ប៉ុន្មាន​ភូមិឃុំ?

គិតៗទៅ​៣ពូជឬ៣តំណរ​ហើយ​នៅមិនទាន់​ផុត​កិច្ចសន្យា​នៅឡើយទេ បន្ទាប់​ពី​៩៩ឆ្នាំក្រោយ​ សូ​មសួរបងប្អូន​បន្តិច តើ​កិច្ចសន្យា​​នោះ​អ្នក​ណា​នៅចាំខ្លះ? ចៅខ្ញុំ​ក៏មិន​បាន​ដឹង​ដែរ មាន​តែខ្ញុំ​ទេដឹងខ្លះៗ តែខ្ញុំ​​មិន​ដឹង​ក្លាយ​ជា​ធូលី​តាំង​ពី​ពេលណាផងទេ។ ហើយ​សម្តេច​ក៏មិនដឹង​ទៅ​កើត​ជា​ស្អី ឬឯឋាន​ណា​នោះឡើយ។

ខ្ញុំ​ពិត​ជា​ភ័យ​ព្រួយ​បាន​ឆ្ងាយមែន រហូត​ដល់​៩៩ឆ្នាំក្រោយ។

ស្នាមថើប​យុវវ័យ

សូម​ជូន​​ទំនុក​ច្រៀង​មួយបទ​ ពី​កវី​ម្ចាស់ស្ទឹង​សង្កែ គង្គ ប៊ុនឈឿន ជា​ចំណងដៃ​ជូន​ដល់​មិត្ត​ប្រុស​ស្រី​ដែល​នឹង​ទទួល​យក​វប្បធម៌​​១៤​កុម្ភៈ​ពី​បច្ចិម​ប្រទេស​នាថ្ងៃស្អែក។

ស្នាមថើប​យុវវ័យ

១- នឹកឃើញ កាលបងថើប​អូន​ពីរខ្សឺត
បងស្រូប​បង​បឺត​ក្លិន​ពីថ្ពាល់​ស្រី
ថ្ពាល់ឆ្វេង​គេងថើប​ក្រោម​ម្លប់​ដើម​ជ្រៃ
ថ្ពាល់ស្តាំនិស្ស័យ​ កើយដៃ​ថើប​ក្រោម​ច័ន្ទថ្លា។

២-​ អូន​ស្រៀវ​អូន​ស្រើប​ ហើបជើងពីដី
ភ្លេច​អស់​អ្វីៗ នៅក្នុង​លោកា
អូន​ភ័យ​ញាប់ញ័រ ដូច​កូន​បក្សា
ដោយ​ឮវាចា ជីវ៉ា​បងថាស្នេហ៏ពិត។

R- ឥឡូវ​ថ្ពាល់អូន ស្រពោន​ក្រៀម​ក្រោះ
ព្រោះ​តែ​ច្រមុះ ប្រុសស្នេហ៏​ប្រែស្និទ
ស្គាល់​ក្លិន​អូន​ហើយ ត្រាណត្រើយ​លែង​ស្បិត
ឱ ព្រាន​ដួងចិត្ត ឥត​មេត្តា​ស្រី។

៣- ថ្ពាល់ស្តាំ​ចាំ​រឿង អ្នកលឿង​ព្រៃវែង
ស្រែប្រាំង​ធំធេង រាលវែង​អាល័យ
ថ្ពាល់ឆ្វេង​ដិតដាម​ ស្នាមថើប​យុវវ័យ
វិប្បដិសារី ជេរស្តី​អស់​មួយ​ជីវិត។

សៀវភៅ «ទំនួញ​ប៉ាកកាស្នេហ៏» កាស្សែត​ផលិតកម្ម​ ខេមរិន្ទ (និពន្ធនៅឆ្នាំ ១៩៩៩)

រូបមន្តសេះដូរសេះ

ម្យ៉ាងដែរ ដែល​សម្តេច​ដ៏ឧត្តុង​ឧត្តម​ ដ៏មហិមា​​នឹក​ឃើញ​រូបមន្ត​នេះ។ វា​មិន​ខុស​ពី​រូបមន្ត​យក​«ក្រុង​ចិញ្ចឹម​ក្រុង»ទេ គឺ​យក​ប្រាក់​ជួល​ដី​ ឬ​បឹង​ តួយ៉ាង​​តំបន់​កោះ​ឃ្លុង​ ឬកោះពេជ្រ មក​ធ្វើ​ជា​ស្ពាន​អាកាស​ហោះស្ទុយ​បាន​ពីរ​បីរយម៉ែត្រ​​​ដែរអញ្ចឹងទៅ។

«ប៉ុន្តែ កន្លែង​​​ដែល​ត្រូវ​​​អភិរក្ស​​ គឺ​អភិរក្ស ដូច​ជា​ក្រសួងសេដ្ឋកិច្ច​ និង​​ហិរញ្ញ​វត្ថុ​​ មាន​​ក្រសួង​​​​ផង ទីចាត់​ការ​​​គយ និង​រដ្ឋាករ ជាកន្លែង​​​​អតីត​​​​ប្រវត្តិ​សាស្ត្រ​​​របស់​​គេដូចជា​​ ធនាគារ​ជាតិ  ទោះ​បី​ខ្ទេច​​​ខ្ទាំយ៉ាង​ម៉េច​ទុក​នៅ​​កន្លែង​កសាង​​ឡើង​វិញ​នៅ​នឹង​កន្លែង​​ក្រសួងការពារ​ជាតិ ​អគ្គ​​​បញ្ជាការ​​កងទ័ព ទោះបី​ជា​មិន​​ប្រើ​​​ជា​អគ្គ​​​បញ្ជា​ការ​​​ទ័ព ក៏​ប៉ុន្តែ​​ប្រើ​ជា​អង្គភាព​​​ប្រឆាំង​អំពើ​​ពុក​រលួយ ។ » នេះ​ជា​សារ​របស់​សម្តេច​ដ៏ឧត្តុង​ឧត្តម​។ Sic

សម្តេច​ក៏​បាន​ផ្តាំ​ដែរ​ ​ទៅ​ក្រសួង​វប្បធម៌​​ វិចិត្រ​សិល្បៈ ​លោក​រដ្ឋ​មន្ត្រី​ ហ៊ឹម ឆែម «រឿង​ដដែល​ជា​ដដែល​ដែរ កើត​ឡើង ​ហ៊ាន​លើក​សំណើ​ដោះ​ដូរ​បណ្ណាល័យ​ជាតិ… អត់​ទេ​ណា ចប់​បណ្តោយ​…​បណ្ណាល័យ​ជាតិ​… ខ្ញុំ​ថា​ឱ្យ​ទុក​ ដល់ចុង​ក្រោយ​បែ​រ​ជា​លើក​សំណើ​ឱ្យ​ឯកជនជួល​នៅជាប់នឹង​បណ្ណាល័យ​ជាតិ ។ អត់​កើត​ទេ តែ​សូម​ផ្តាំ ។» Sic

នេះ ជា PHNOM PENH TOWER តាម បណ្តោយ ផ្លូវ មុនីវង្ស អតីត ជា ទីស្តីការ ក្រសួង ទេសចរណ៍ ដែល សព្វថ្ងៃ ទីស្តីការ ក្រសួង ទេសចរណ័ (សេះដូរសេះ) បាន ប្តូរ ទៅ នៅ ពីក្រោយ ឃ្លាំង លក់រថយន្ត បណ្តោយផ្លូវ មុខ វិទ្យាល័យបាក់ទួកឯណោះ។

មិនច​ម្លែកមិនមានមែន!

  • លោកអភិបាលដ៏បវរបានប្រសាសន៍ថា «ត្រូវធ្វើការប្រមូលជនអនាថា ដើម្បីសម្អាតរាជធានីភ្នំពេញ ដែល​ត្រូវ​ត្រៀម​រៀបចំ​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​ក្នុងកិច្ចប្រជុំ​កំពូលអាស៊ាន ក្នុង​ខែមេសា​ខាងមុខ»
  • សាំងស្រុកខ្មែរ ពេលចុះ ចុះម្តង៥០រៀល មានសណ្តានចិត្តមែន តែពេលឡើង ឡើងម្តង១៥០រៀល អស្ចារ្យ!!
  • សម្តេច​ដ៏​មហិមាធ្លាប់បាន​មាន​ប្រសាសន៍ថា «អាណាចង់បានសាំងថោកឲ្យរត់​ទៅនៅអៀរ៉ាក់ទៅ!»

ខ្ញុំទើបនឹងដឹងពី​ប្រភពនៃពាក្យ «Kingdom of Wonder» គិតទៅស្រុកខ្មែរ រឿងមិនចម្លែក មិនមានមែន។

ខ្ញុំគិតថានឹង​ពិភាក្សាជាមួយ​ក្រុមម៉ូតូឌុប អាជីវករ និងអ្នកប្រើសាំង នាំគ្នាទៅជួលសេះប្រ​មាណ​៥០ទៅ១០០ក្បាល ជិះដង្ហែជុំវិញ​ក្រុង​ម្តងមើល ឲ្យដឹងថា ស្រុកខ្មែរជា Kingdom of Wonder.

អត់មួយដង្ហើមសិន ជិត​បោះឆ្នោតសភា សម្តេចនឹងជួយក្អកហើយ

«អត់មួយដង្ហើមសិន ជិត​បោះឆ្នោតសភា សម្តេចនឹងជួយក្អកហើយ» 

នេះ​ជា​សារ​ពីខ្ញុំ​ ផ្ញើរជូន​បងប្អូន​បុរីកីឡា​ និង​បឹង​កក់ទាំង​អស់ និង​អ្នក​ដែល​ត្រូវ​បាន​គេ​ចាប់​ញាត់គុក​បន្ថែម​ពីម្សិលមិញ ហើយ​ដុល្លាការ​ក្រុង​ភ្នំពេញ​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​នៅព្រឹក​ថ្ងៃ​២​កុម្ភៈ​នេះ។

វា​មិន​ខុស​ទម្លាប់នោះទេ ដែល​យើង​បាន​ឃើញ​ការ​ឈឺឆ្អាលពី​សម្តេច​ដ៏មហិមារបស់យើង រាល់ពេល​ដែល​រាស្រ្ត​រងទុក្ខ​ខ្លោចផ្សា​នោះ ពិសេស​គឺ​អំឡុង​​រដូវ​បោះឆ្នោតម្តងៗ​។

កាល​ពីសបា្តហ៏មុន សម្តេច​បាន​​ផ្តល់អនុសាសន៍​ ឬស្រែក​កោកៗឲ្យគេ​ចាត់វិធានការណ៍​វែកមុខសន្តិសុខ​ដែល​​បាញ់ប្រជាពលរដ្ឋ​ក្នុង​ជម្លោះ​ដីធ្លី​នៅ​ខែត្រ​ក្រចេះ​នោះ​ ហើយ​មិនយូរទេ យ៉ាងហោចណាស់ ឆ្នាំក្រោយសម្តេច​នឹង​ក្អក​​ជួយ​បងប្អូន​បឹងកក់ និង​បុរីកីឡា​ដែរមិនខាន។

គូទខ្យង

អារម្មណ៍ និងពាក្យទទូចអង្វរពី​លោក ​គង្គ​ ប៊ុនឈឿន

កាលពីអត្ថបទមុន  «តើអ្នកនិពន្ធចម្រៀងខ្មែរ​អស់ក្បាច់ហើយឬនៅ ក្រៅពី​ស្នេហា​ប្តូរអាច៍គ្នាស៊ី ប្តូនោមគ្នាផឹកនោះ?» ខ្ញុំឃើញមាន​ប្រតិកម្មខ្លះៗ​ពី​អ្នក​គាំទ្រ អ្នកកណ្តាល និង​អ្នកប្រឆាំង។

ថ្ងៃនេះខ្ញុំនឹង​លើ​កយកពាក្យទទូចអង្វរ​មួយចំនួន​របស់​លោក គង្គ ប៊ុនឈឿន ដែលសរសេរ​ក្នុង​អត្ថបទមួយ​មាន​ចំណងជើងថា «ការប្រែប្រួល​នៃវិស័យ​ ភ្លេងចម្រៀងខ្មែរ» ក្នុង​សៀវភៅ «ទំនួញ​ប៉ាកកាស្នេហ៏​» របស់លោក ផ្ញើរជូន​ដល់បណ្តាផលិតកម្មសំគិះ អ្នកនិពន្ធ​ដ៏ថ្លៃថ្នូរ អ្នកចម្រៀងឡើង​តាម​ជើងខោ អ្នក​​ធ្វើនំអត់ផ្សៅ និងអ្នកគាំទ្រ​ទាំងឡាយអើយ។

មុន​នឹង​លើកយកពី​ពាក្យទទូចអង្វរ​របស់លោក គង្គ ប៊ុនឈឿន ខ្ញុំសូម​អនុញ្ញាតបើកវង់​ក្រចកបន្តិច ​រំឮក និង​ចាប់អារម្មណ៍បន្តិចពី​គំនិតលោក វិចិត្រ ដែលសរសេរក្នុងប្លុកលោកថា៖

១) នៅ​លោក​ខាង​កើត គេ​នាំ​គ្នា​យំ នៅ​ពេល​ដែល​មេដឹកនាំ​របស់​គេ​ដូច​ជា Staline (1953), ម៉ៅ សេទុង (1976), គីម អ៊ីលស៊ុង (1994) និង គីម ជុងអ៊ីល (2011) ស្លាប់ (តែ មិន​ដឹង​ថា​មែន​រឺ​លេង​ទេ)
២) ឯលោក​ខាង​លិច​ គេ​នាំ​គ្នា​យំ ខ្លះ​សម្លាប់​ខ្លួន​ទៀត នៅ​ពេល​ដែល​តារា​ក្នុង​ដួង​ចិត្ត​របស់​គេ​ស្លាប់ រឺ​ ជួន​កាល​គ្រាន់​តែ​កាត់​សក់​ សោះ

ទៅ​អ៊ីចឹង​ទៅ

លោកដឹងទេថាសម្តីលោក ធ្វើឲ្យខ្ញុំផ្ទុះសំណើចមែនទែន! លោកពិតជាធ្វើ​ឲ្យខ្ញុំ​លួចសរសើរមែនហើយ ដែលចេះ​នឹកឃើញ​ប៉ុន្មាន​ឃ្លានេះ។

សូមបិទវង់ក្រចកមកវិញ ហើយខាងក្រោមនេះ ខ្ញុំ​នឹង​លើកយកដោយចន្លោះៗ ពីអារម្មណ៍និងពាក្យទទូចអង្វរ​របស់​លោក គង្គ ប៊ុនឈឿន ដែលមាន​សេចក្តី​ដូចខាងក្រោម៖

[ខ្ញុំចំណាយពេលវាយអត្ថបទនេះដើម្បីអ្វី? ក៏សង្ឃឹម​ថាអ្នក​នឹងឆ្លៀតចំណាយពេល​អានអត្ថបទ​ដ៏មាន​ខ្លឹមសារ​នេះ​​ដូចគ្នា]

                          គង្គ ប៊ុនឈឿន៖ មុននឹង​រៀបរាប់​ពី​បទពិសោធន៍​ក្នុង​ការ​តែង​បទភ្លេង​ ទំនុកច្រៀង ខ្ញុំសូម​ទាញ​អារម្មណ៍​អស់លោកអ្នក​នាង​កញ្ញាបន្តិច​សិន ដើម្បី​ឲ្យ​យល់ពី​ការ​ប្រែប្រួល​នៃ​វិស័យ​ភ្លេង​ចម្រៀង​ខ្មែរ ដែល​ចូល​មក​ដល់​តំណាក់​កាលបច្ចុប្បន្ន​នេះ មាន​លក្ខណៈ​គួរ​ឲ្យ​មោទនភាព ឬព្រួយបារម្មយ៉ាង​ណាខ្លះ?។ អាន ច្រើនទៀតនៃប្រកាសនេះ

ព្រះពុទ្ធសាសនានៅកម្ពុជា កំពុងដើរថយក្រោយ

ក្នុង​អត្ថបទនេះ មិន​មែន​ជា​ការ​បង្អាប់បង្អោន​ព្រះពុទ្ធ​សាសនា​ ដែលជាសាសនា​របស់រដ្ឋនោះទេ តែខ្ញុំ​​នឹងលើក​យក​ពីចំណុច​ខ្សោយ​មួយ​ចំនួនដែល​ខ្ញុំ ហើយនិង​អ្នកទាំង​អស់គ្នា​បាន​ឃើញ​ប្រចាំថ្ងៃ លើកមកជា​សេចក្តីពិចារណា ក្នុងន័យ​ជួយ​កែប្រែ និង​ ស្ថាបនា លើកតំកើង​ព្រះពុទ្ធសាសនា​ឲ្យរឹងប៉ឹងឡើងវិញ​ សម​ជា​សាសនា​របស់រដ្ឋ។
មួយ​វិញទៀត​ក្នុងកំហុសគំនិត អក្ខរាវិរុទ្ទ ពាក្យពេចន៍មិន​សម​ប្រកបដោយ​ប្រការណាមួយ​ សូមព្រះសង្ឃគ្រប់​ព្រះអង្គ ពុទ្ធសាសនិក ​មេត្តាខន្តី អធ្យាស្រ័យ និង​ជួយ​រិះគន់​​ស្ថាបនា​​ខ្ញុំព្រះករុណា ខ្ញុំបាទ​ ផងចុះ​ ដើម្បី​រកសេចក្តីចម្រើន និងអភិវឌ្ឍន៍។

បើ​តាម​ខ្ញុំករុណា ខ្ញុំបាទបានឃើញ​ជាប្រចាំថ្ងៃ ជាមួយនិង​ការអង្កេតឃើញថា ព្រះពុទ្ធសាសនា​របស់​យើងកំពុង​ដើរថយក្រោយ​ពីមួយថ្ងៃ ទៅមួយថ្ងៃ។ ហេតុអ្វីបាន​ជាខ្ញុំហ៊ាន​ពោលដូច្នេះ? ដូច្នេះខ្ញុំ​នឹង​លើក​យក​ពីចំណុចមួយចំនួន​ ដែលខ្ញុំ​ចាត់ទុក​ថាជា​ចំនុចខ្សោយ​ យក​មក​ធ្វើ​ជាគំនិត​ពិភាក្សាក្នុង​សំណេរ​នេះ។ អាន ច្រើនទៀតនៃប្រកាសនេះ

អភិវឌ្ឍ