ថ្ងៃនេះ ឧទាហរណ៍ថាខ្ញុំជា​សម្តេច

ខ្ញុំ​មិន​ហ៊ាន​ថ្លើមធំពាស​មេឃ ចង់​បន្លំខ្លួន​ជាសម្តេច ឬ​ប្រមាថតួនា​ទី​នាយក​អស់​រដ្ឋមន្ត្រី​របស់​សម្តេច​ដ៏ឧត្តុងឧត្តម​ ដ៏ចម្រើន  ដ៏ថ្លៃថ្នូ ដ៏ថ្លៃថ្លា ដ៏មហិមា។ល។ នោះទេ តែខ្ញុំ​ឧទាហរណ៍​នេះ គឺចង់​រៀន​យល់ពី​ចិត្តសម្តេច ដែល​នៅក្រោម​មនុស្ស​៣នាក់​ដែល​គ្មាន​​អំណាច​ ក្តាប់​អំណាច​លើ​មនុស្ស​រាប់លាន​នាក់​នោះ ថា​តើ​សម្តេច​មាន​អារម្មណ៍​យ៉ាង​ម៉េចខ្លះ​ជាមួយ​មនុស្ស​ដែល​មាន​សុទិដ្ឋិនិយម​ ឬភក្តីភាព​ជា​មួយ​សម្តេច និង​អ្នក​ដែលមាន​គំ​និត​ទុទ្ទិដ្ឋិ​និយម​ចំពោះ​សម្តេច ​ជេរ​សម្តេច​រាល់វិនាទី ដែល​​មនុស្ស​ទាំង​នោះសម្តេច​ទុក​ថាជា​មួយ​តំបរ​ស្វា មា​ន​ក្រុម​ខាង​បក្ស​ប្រឆាំង ក្រុម​ដែល​មិន​បាន​ទទួល​ផល​ប្រយោជន៍​ពីសម្តេច ក្រុម​ដែល​​រងគ្រោះ​ដោយ​មន្រ្តី​ក្រោម​ឱវាទ​សម្តេច ក្រុម​ដែល​​សម្តេច​បោះបង់​ចោល។ល។ ។

ឧទាហរណ៍ថា សម្តេច​ជា​មនុស្ស​ល្អ»»»

ហេតុអី​ក៏​រាស្រ្ត​ជេរ​ខ្ញុំ​រាល់ថ្ងៃ​បែបនេះ! តើខ្ញុំ​អាក្រក់ប៉ុណ្ណាទៅ! ខ្ញុំ​ពិត​ជា​មិន​យល់​! ខ្ញុំ​ខំប្រឹង​ធ្វើការ​រាល់ថ្ងៃដើម្បី​តែ​ជាតិ​! តែ​នៅ​តែ​ត្រូវ​រាស្រ្ត​ស្តី​ជេរ ប្រមាថ​តេះដៀល! ហ្ហិះ.. (ដើមដង្ហក) ខ្ញុំលះបង់ពេលវេលាដែល​មាន​ពីគ្រួសារ ពីកូនៗ ពីចៅៗ បំណងប្រាថ្នាតែមួយ​គត់ គឺចង់​បាន​ឈ្មោះចារ​ក្នុង​ក្រមប្រវត្តិ​សាស្រ្ត​ថា​ជា​ ជ័យវរ្មន៍​ទី៧ម្នាក់ទៀត តែ​នៅ​តែ​យក​ទឹកចិត្ត​ពី​រាស្រ្ត​មិន​បាន​អស់ទៀត!!!

ឧទាហរណ៍ថា សម្តេច​ជា​មនុស្ស​អាក្រក់»»»

ហ៊ើយ.. (រអ៊ូ) ពួកអានេះភ្លើអីភ្លើម្ល៉េះ! អញ​លក់ជាតិ​ជិតរលាយ​អស់ហើយ វា​នៅ​តែ​លើកជើង​ ទ្រអាច៍អញទៀត! ពួក​អានេះស្មោះ​រក​ទីបំផុត​គ្មាន​មែន! សម​ជាឆ្កែដ៏ស្មោះត្រង់មែន! តែ​ត្រូវ​តែប្រយ័ត្ន​បន្តិច​ជា​មួយ​ពួកអាអស់នេះ តែអស់ស្នួល​ហើយ វា​មុខ​ជា​បក​ខាំ​អញ​ថ្ងៃណា​មួយ​​មិនខាន! ជំហ៊ាន​បន្ទាប់គឺ​ត្រូវ​​​កំចាត់អាណា​អង្គែស៊ី​ម្តងមួយៗ​។ រកលេស៍​ថា​ហ្អែង​ពុករលួយ​ទៅ ទម្លាក់​ដោយ​ស្របច្បាប់ គ្មាន​អាណាដឹង​ថាអញស្អប់ហ្អែង​ទេ។ ហះហះហះ…. ពេលនោះអញ​អាច​ក្លាយជា​ជ័យជេដ្ឋាទី២​ម្នាក់ទៀតហើយ ហើយ​កាន់​តែ​សាហាវ​ជាង​ជ័យជេដ្ឋាទី២ថែមទៀត!!!

គូទខ្យង

ប្រវត្តិសាស្រ្ត​ដែល​មិន​បាន​កើតឡើង​នៅកម្ពុជា​ និង​សេចក្តីល្ងង់របស់ខ្ញុំ

  1. គួរ​ឲ្យអស្ចារ្យដែរ ដែល​ខ្មែរក្រហម​ប្រើពេល​ជាង​ប្រាំឆ្នាំទើប​វាយ​ឈ្នះរបបលុនណុលដែលមាន​អាមេរិក​គាំទ្រទៀតផង តែ​រណសិរ្យ​២ធ្នូ​ ប្រើ​ពេល​តែ​​១ខែ៦ថ្ងៃក៏​វាយបែករបប​ខ្មែរក្រហមវិញនៅថ្ងៃ​៧មករា​។ វាគួរ​តែ​ប្រើពេលយូរ​ជាង​នេះ។ ​ហាក់​ដូចជា​គេ​រៀប​គម្រោង​ល្អិតល្អន់​មុន​២ធ្នូទៅទៀត។
    ​តែនេះគ្រាន់​តែ​​ជាសេចក្តី​ល្ងង់​នៃការគិតរបស់ខ្ញុំ​ប៉ុណ្នោះ ខ្ញុំភ្លេចគិតថា​ វៀតណាម ធ្លាប់ច្បាំង​ឈ្នះអាមេរិក។
  2. បើ​លោក​សមរង្សី​ក្លាហាន​ហ៊ាន​​ចូលគុក ដូច​លោក​ទៅ​ដកបង្គោល​ព្រំដែន​ ម្ល៉េះសម​មាន​​ព្រឹត្តិការណ៍​មហាជន​​​ផ្ទុះ​​នៅ​កណ្តាល​ក្រុងភ្នំពេញ​មិនខាន​។
    តែនេះគ្រាន់​តែ​​ជាសេចក្តី​ល្ងង់​នៃការគិតរបស់ខ្ញុំ​ប៉ុណ្នោះ គាត់ម្តេច​នឹង​គិត​ដូចខ្ញុំទៅ។
  3. ថា​ក្រុម​អស់លោក​នៅ​បក្សប្រឆាំង​ទាំង​អំបាលម៉ាន មានលោក​សមរង្សី លោកកឹមសុខា​។ល។ ស្អប់លោកហ៊ុនសែន ក៏ដូច​មិនត្រូវ! ខ្ញុំថាពួកគាត់ច្រណែនលោកហ៊ុនសែន ដូចជា​ត្រូវ​ជាង។
    តែនេះគ្រាន់​តែ​ជា​សេចក្តីល្ងង់​នៃការគិត​របស់ខ្ញុំ​ប៉ុណ្នោះ ពួកគាត់ម្តេច​នឹងគិត​ដូចខ្ញុំទៅ។
  4. បើ​លោកប៉ែនសុវណ្ណ​ ជាមេគ្រោះពិតមែន ម្ល៉េះ​មិនសម​យួនយកទៅដាក់គុកនៅហាណូយ​ដល់ទៅ​១០ឆ្នាំ៥២ថ្ងៃនោះទេ គាត់​ប្រហែល​ត្រូវ​គេ​សម្លាប់​ដោយវិធី​ណាមួយ​មិនខានឡើយ គាត់​ម្តេច​នឹងមាន​វាសនា​ចូលរួម​ជាមួយ​លោក​កឹម​ សុខា​​នៅថ្ងៃនេះ​ទៅ!
    តែនេះគ្រាន់​តែ​​ជា​សេចក្តី​​ល្ងង់​នៃការគិតរបស់ខ្ញុំ​ប៉ុណ្នោះ យួន​ម្តេច​នឹង​គិត​ដូចខ្ញុំទៅ។
  5. បើលោក​កឹមសុខា លោក​ខឹមវាសនា។ល។ យល់​ពី​ច្បាប់​ និង​ប្រព័ន្ធរាប់សន្លឹកឆ្នោត​នៅ​កម្ពុជា ម្ល៉េះ​សម​គាត់មិន​បង្កើតគណបក្ស​អត់​បាន​ការ​របស់គាត់ដើម្បីបំបែកសម្លេងប្រឆាំង​នោះទេ គាត់​ប្រហែលជ្រើស​រើសផ្លូវ​ដូច​លោក​ ម៉មសុណង់ដូ​  គឺ​ស្ទង់សម្លេងឆ្នោត​តាម​រយៈ​យកស្នាម​មេដៃពី​ប្រជាជន​ដែល​ចូលរួម«​សមាគម​អ្នកប្រជាធិបតេយ្យ​»របស់​គាត់ឲ្យគ្រប់មួយ​លាន​នាក់​ជាមុនសិន។
    តែនេះគ្រាន់​តែ​ជា​សេចក្តីល្ងង់​នៃការគិត​របស់ខ្ញុំ​ប៉ុណ្នោះ ពួកគាត់ម្តេច​នឹងគិត​ដូចខ្ញុំ និង​លោកម៉ងសុណង់ដូទៅ។
  6. បើកម្ពុជា​មានព្រឹត្តិការណ៍​និស្សិត​ដុតខ្លួន ដូច​នៅទុយនេស៊ី ម្ល៉េះ​ប្រហែល​អាច​មាន​ចលនា​បិដវត្តន៍​ណាមួយ​បាន​កើត​ឡើង​ដែរមិនខាន។
    តែនេះគ្រាន់​តែ​​ជាសេចក្តី​ល្ងង់​នៃការគិតរបស់ខ្ញុំ​ប៉ុណ្នោះ ខ្ញុំភ្លេចគិតថាកម្ពុជា​ម្តេច​នឹង​​មាន​អ្នកក្លាហាន​ដូច​នេះ​បានទៅ​! ហើយ​កម្ពុជា​គឺកម្ពុជា​ មិនមែន​ទុយនេស៊ីទេ ប្រយ័ត្ន​សម្តេចបិទទ្វារវ៉ៃឆ្កែ។
  7. បើ​បងប្អូន​ខ្មែរ​ឯបរទេស​ ដែល​មាន​លុយ​​ល្មមគ្រប់គ្រាន់​ អាច​វិលចូលស្រុកវិញបាន រកស៊ី និង​បង្កើត​ការងារឲ្យ​បាន​ច្រើន​នៅក្នុង​ស្រុក ក៏ប្រហែល​អាច​កាត់បន្ថយ​ចំណាកស្រុកយ៉ាង​គំហុក​​របស់​ប្រជា​ពលរដ្ឋ​ដូចសព្វថ្ងៃនេះ​បាន​ច្រើន​។ តែនេះគ្រាន់​តែ​​ជាសេចក្តី​ល្ងង់​នៃការគិតរបស់ខ្ញុំ​ប៉ុណ្នោះ  ពួកគាត់​ប្រហែល​គិត​ថា«កម្ពុជា​មិន​ទាន់មាន​សុវត្ថិភាពចំពោះលុយ​របស់ពួកគាត់ទេ» មើលទៅ។
  8. បើ​រដ្ឋាភិបាល​របស់​សម្តេច អា​ចដោះស្រាយបញ្ហាចតុកោណរបស់ខ្ញុំបាន មានព្រៃឈើនិងធនធានធម្មជាតិ​ ជម្លោះដីធ្លី អនានិគមយួន អំពើពុករលួយ បាន ម្ល៉េះខ្ញុំ​ប្រហែល​ត្រូវបោះឆ្នោតជូន​សម្តេចតាំង​ពី​អណត្តិទី១មកម៉្លេះ។ តែ​ប្រហែលសម្តេច​មិន​អាច​ដោះស្រាយជាមួយ​ក្រុមឧកញ៉ា​ និងមិត្តអមតៈវៀតណាម​ របស់សម្តេចបាន។

គូទខ្យង

ទម្លាប់បញ្ច្រាស់មួយ​​

ក្នុង​ការងារស៊ីវិល នៅពេល​ដែល​យើងសួរគេត្រង់ៗថា “អ្នក​ទទួល​បាន​ប្រាក់ខែប៉ុន្មានដែរ?” វា​អាច​​​បង្កើត​ឲ្យមាន​ការ​ទើស​ទាល់​មួយ​បាន។ សម្រាប់អ្នក​យល់សាច់ការ​ ឬ​ដើរក្នុង​សង្គ្មម​បាន​ច្រើនឆ្នាំ គេយល់ និងមិនទម្លាប់សួរប្រាក់ខែអ្នកដ៏ទៃ ឬមិត្តភក្តិខ្លួន​ដោយ​ត្រង់​បែប​នេះទេ ហើយ​សម្រាប់​អ្នកឆ្លាត​ក៏គេ​មិន​ទម្លាប់ឆ្លើយ​ត្រង់ៗ​ទៅកាន់អ្នកដែរ ចូរចាំទុកចុះ។ ដើម្បី​ចង់​ដឹង​ប្រាក់ចំណូល​របស់នរណាម្នាក់ គេមានវិធី​សាស្រ្តច្បិចសួរដោយប្រយោលផ្សេងៗ​ទៅ​តាមវិធី​សាស្រ្ត​រៀងខ្លួន។

ខ្ញុំ​នឹង​មិនលើកចំណុច​នេះមក​​ស្រាយ​ចំណោទនេះទេ អ្វីដែលខ្ញុំ​នឹង​លើក​ជាចម្ងល់នោះ គឺសម្រាប់អ្នក​ធ្វើការ​រាជការ មានមន្រ្តី​ប៉ូលីស កាំកុងត្រូល គយ សុខាភិបាល ​ឬមុខដំណែង​ក្នុង​ប្រធានមន្ទី​ផ្សេងៗ​ជាដើម​នោះ គេ​ក៏​មិនដែល​សួរត្រង់ថា​ “តើអ្នក​ទទួលបាន​ប្រាក់ខែ​ប៉ុន្មាន​?” ដែរ តែអ្វី​ដែល​គេ​តែងតែឮនោះគឺ “តើតំណែងនោះ អ្នក​រកក្រៅ​បានទេ?”“ចំកន្លែងខ្លាញ់ទេ?” “ឆ្លៀត​រកការ​ងារ​ក្រៅ​បានទេ?” ជាដើម។

តើ​នរណាអាចស្រាយ​​ចម្ងល់ខ្ញុំបាន ហេតុអ្វីស្រុកខ្មែរគេតែង​សួរសំណួរ​បញ្ច្រាស់ទាំងនោះទៅ​កាន់​មន្រ្តីរាជការ?

គូថខ្យង

យក១ប្រៀប០​ លើកទឹកចិត្តខ្លួនឯង

រៀនគិតផ្លូវល្អបន្តិចមើល៍!

ត្បិតបើស្រុក​យើង​ សង្គមយើង​ យ៉ាប់យឺន​ភ្នែកបន្តិចមែនហើយ តែបើ​យើង​សម្លឹងថយក្រោយបន្តិច តែត្រឹម​ជាង​៣០ឆ្នាំបានហើយ  សម័យ​អាពត ហៅ​ឲ្យ​ដាច់សាច់​ចឹងចុះ បំណាច់នឹង​​មា​មីងយើង​ស្អប់គាត់​ម្លឹងហើយ សួរថាមានអ្វីខ្លះ? ថ្នាំចុកមានតម្លៃ​ជាង​មាសទៅ​ទៀត។

មើល​សម័យ​អភិវឌ្ឍន៍​យើង​ឥឡូវ​មើល មាន​អាគារខ្ពស់ៗ មាន​ផ្លូវធំៗ មាន​ស្ពានអាកាស​រាប់រយ​ម៉ែត្រ មានព្រៃ​សម្បទាន​ចែក​ជូន​បងប្អូន​រាប់​ម៉ឺន​ហិចតា មាន​សាលារាប់រយ​ខ្នង មាន​អំបិល​ប៊ីចេញ សារុង​រាប់រយ​សម្រាប់ ចែក​ជូន​បងប្អូន គ្រូ​បង្រៀន​ ប៉ូលីស​ ទាហាន ប្រាក់ខែ​រាប់រយពាន់​រៀល នៅឆ្លៀតទៅយាម​រោងការ​បាន​ម៉ាយប់បួន​ដប់ពាន់​រៀលទៀត! មាសម៉ាតាឡឹងជាង​៨លានរៀល  សាំង​ម៉ាលីត តែជាង​ប្រាំពាន់រៀល ត្រីម៉ាគីឡូ តែជាង​ម៉ាម៉ឺនរៀល ។ល។ តើ​​បងប្អូន​ចង់​បានអីទៀត?

ត្រូវ​ចេះ​ស្កប់ស្កល់អ្វី​ដែល​យើង​មាន ប្រទេស​គេធំ​គេចាយធំចឹងហើយ ប្រទេស​យើង​តូច យើង​រៀន​ចាយ​តិចៗ ដូច​គេ​ថា​ “ទូក​ធំ​ ក្តោងធំ”។ បើ​សម័យ​អាពត​វិញណា៎ រស់​នៅ​ក្នុងភាពភ័យខ្លាច មិនមែន​សន្តិភាព​ដូច​យើង​រាល់ងៃហ្នឹងទេ! ហើយ​អារឿង​ប៉ូលីស​វ៉ៃក្បាល​បងប្អូន អាហ្នឹង​ម៉ោពី​បងប្អូន​ទៅ​តវ៉ាជាមួយ​ក្រុមហ៊ុន​គេធ្វើអី! ដូច​ថាចឹង “ត្រូវចេះស្កប់ស្កល់អ្វីដែលយើងមាន” គេ​ឲ្យប៉ាម៉ាន​យក​ប៉ុណ្នឹងទៅ នោះ​មុខ​ជា​សុខសាន្ត​មិនខាន។ សន្តិភាពប៉ុណ្នឹងហើយ រកអីទៀត?

ដើរ​ប្រសើរ​ជាង​ស្ងៀម ជិះកង់ប្រសើរ​ជាង​ដើរ ជិះម៉ូតូប្រសើរ​ជាង​ជិះកង់ មិនចឹង!!! ខណ្ឌ ចប់ (៕)